ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូមិនទាន់បានមួយដង្ហើមចង្រឹតផងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោក្របួចនិងវាយខ្នោះបានចំនួន២នាក់…
(រាធានីភ្នំពេញ): នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ ផ្លូវលេខ០៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
ជនរងគ្រោះឈ្មោះ កយ បូរិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ីធើណេត ទីលំនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ១/ឈ្មោះ សំរិទ្ធ ចាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ២/ឈ្មោះ ម៉ក់ លាងហេង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1Q-8091 មានលេខតួ និងលេខម៉ាស៊ីន9220294 ចំនួន០១គ្រឿង ។
#ហេតុការណ៍៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះឈ្មោះ កយ បូរិន ភេទប្រុស អាយុ២៩ឆ្នាំ បានបើកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1Q-8091 មានលេខតួ និងលេខម៉ាស៊ីន9220294 ចេញពីផ្ទះ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកធ្វើអ៊ីនធើណេតឱ្យភ្ញៀវនៅបុរីពិភពថ្មី៣ ផ្លូវលេខ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូម៉ាកខាងលើ នៅចិញ្ចើមផ្លូវបេតុង ដោយពុំបានដកកូនសោរម៉ូតូចេញទេ ហើយជនរងគ្រោះក៏បានឡើងទៅលើបង្គោលភ្លើងបានកំពស់០២ម៉ែត្រ ស្រាប់តែជនសង្ស័យឈ្មោះ សំរិទ្ធ ចាវ ភេទប្រុស អាយុ២០ឆ្នាំ បានដើរមកសួរជនរងគ្រោះថា ០១ខែ តម្លៃប៉ុន្មាន រួចជនរងគ្រោះក៏បានប្រាប់ថា មួយខែ១៦ដុល្លារអាមេរិក ហើយជនរងគ្រោះក៏បានឡើងទៅលើបន្តទៀត ។

ហើយជនសង្ស័យឈ្មោះ សំរិទ្ធ ចាវ បានឡើងបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ម៉ក់ លាងហេង ភេទប្រុស អាយុ១៣ឆ្នាំ បានឡើងជិះពីក្រោយបើកគេចខ្លួនទៅផ្លូវ២១៧ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដែលកំពុងជិះម៉ូតូល្បាត បានឃើញហេតុការណ៍ ក៏ជួយអន្តរាគមន៍ ដេញតាមពីក្រោយជនសង្ស័យ រហូតដល់ផ្លូវទាល់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់។


