អាជ្ញាធរខេត្តក្រចេះ បិទសណ្ឋាគារមួយកន្លែង និងមនុស្សចំនួន៧១នាក់ ត្រូវបានយកសំណាកដើម្បីធ្វើតេស្ដ រកកូវិដ-១៩…

ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានសម្រេចបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែង យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន និងបុគ្គលិកសរុបចំនួន ៧១នាក់ ត្រូវបានយកសំណាកដើម្បី ធ្វើតេស្ដរកកូវិដ-១៩។

ការបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងខាងលើនេះ គឺធ្វើឡើងកាលពីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីរកឃើញថា មានបុរសឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងអជ្ញាធរស្រុកស្នួល បានចុះស្រង់ស្ថិតិចំនួនបុគ្គលិក នៅសណ្ឋាគារនិងភោជនីយដ្ឋាន ចម្ប៉ា ពេជ្រ សរុបមានចំនួន ៧១នាក់ និងបានយកសំណាកទៅធ្វើតេស្តលើកទី១រួចហើយដែរ។


តាមការបញ្ជាក់ពីលោក ឈុន មករា អនុប្រធានផ្នែកបង្ការ និងគ្រប់គ្រង់ជំងឺនៃមន្ទីរ សុខាភិបាលខេត្តក្រចេះ បានអោយដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារ មួយនេះ សរុបមានចំនួន ៧១នាក់ ហើយថ្ងៃនេះ ក្រុមការងារបានយកសំណាកទៅធ្វើតេស្ត លើកទី១ និងទទួលបានលទ្ធផលនៅថ្ងៃស្អែក។

ដោយឡែកសម្រាប់ ម្ចាស់ និងបុគ្គលិកទាំង ៧១នាក់ គឺក្រុមការងារតម្រូវឲ្យធ្វើចក្តាឡីស័ក្ត ឬស្នាក់នៅខាងក្នុងសណ្ឋាគារនេះ ក្នុងរយៈពេល ១៤ថ្ងៃ។ តាមគោលការរបស់ប្រធានមណ្ឌលចក្តាឡីស័ក្ត គឺតម្រូវឱ្យអ្នកទាំង ៧១នាក់ ស្នាក់នៅក្នុងសណ្ឋាគារទាំងអស់គ្នា ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច២ម៉ែត្រ មិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។

សម្រាប់ការទំនាក់ទំនង់ជាមួយ សាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទង់គ្នាតាមរយៈទូរសព្ទ័ជាមួយគ្នា នៅខាងក្រៅ មិនអាចទាក់ទង់គ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍តាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram