ដេប៉ូបូមខ្សាច់ដ៏ធំមួយ កំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមានការព្រួយបារម្មយ៉ាងខ្លាំង…
ខេត្តកណ្ដាល៖ដេប៉ូបូមខ្សាច់ដ៏ធំមួយកន្លែង ដែលមានម្ចាស់ទីតាំងឈ្មោះ ផាន សុផានអានិតា ស្ថិតហួសគល់ស្ពានព្រែកសំរោង ជាប់ផ្លូវ២១A ភូមិស្វាយរលំ២ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបង្កប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយពលរដ្ឋបានសម្តែងមានការព្រួយបារម្មយ៉ាងខ្លាំង ដែលសកម្មភាពបូម គឺ ដឹកទាំងថ្ងៃ ទាំងយប់ ។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ របងការដ្ឋានបូមខ្សាច់ មួយនេះ បានបាក់ធ្លាយខ្សាច់ និង ហូរទឹក ចូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ធ្វើអោយលិចលង់ ខូចខាតសម្ភារៈ ក្នុងផ្ទះថែមទៀតផង ។

ប្រជាពលរដ្ឋដែលរស់នៅជាប់របងក្រុមហ៊ុមបូមខ្សាច់ បានប្រាប់ CPNS NEWS អោយដឹងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ពួកគាត់តែងតែជួបផលលំបាកជាច្រើនលើក ច្រើនសារ ណាស់មកហើយ គឺក្រុមហ៊ុននេះមិនគិតពីទុក្ខវេទនារបស់ពួកគាត់ទេ ។

សកម្មភាពបូម និង ដឹកខ្សាច់ ទាំងថ្ងៃ ទាំងយប់តែម្តង ហើយបំពងសម្លេង រំខានធ្វើអោយពួកគាត់ពិបាកក្នុងការដេក ។ បើនិយាយពីរឿងផ្ទះសម្បែងវិញ រង្គើរ ប្រេះ ស្រាំ ជញ្ជាំងអស់ហើយ ដោយសាររំញ័រសម្លេង និង ខ្សាច់ហូរបុក ។

ពួកគាត់បន្តទៀតថា គាត់ទ្រាំរស់នៅយូរឆ្នាំមកហើយ គឺចេះតែទ្រាំទៅព្រោះប្រហែលជាម្ចាស់ក្រុមហ៊ុន ជាអ្នកធំ និង ជាអ្នករកស៊ី ដែលស្គាល់អ្នកធំ អ្នកតូច នៅក្នុងខេត្តកណ្តាលច្រើនជាងប្រជាជន ហើយមើលទៅ ។

ប្រជាពលរដ្ឋ បានសំណូមពរ ដល់មន្រ្តីជំនាញ និង ម្ចាស់ក្រុមហ៊ុន មេត្តាគិតគូរសុខទុក្ខ របស់ពួកគាត់ផង ពិសេសសូមអោយគោរពទៅតាមច្បាប់ទម្លាប់អោយបានត្រឹមត្រូវទៅបានហើយ ។

ជុំវិញបញ្ហាខាងលើនេះដែរ CPNS NEWS បានទំនាក់ទំនងទៅលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តែលោកឆ្លើយថា កំពុងជាប់ប្រជុំ ។

ជាការកត់សម្គាល់ នៅលើផ្លូវជាតិលេខ២១A ពីគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ទៅដល់ស្វាយរលំ ផ្លូវកៅស៊ូក្លាយជាផ្លូវដីអស់ទៅហើយ សព្វថ្ងៃពិបាកក្នុងការធ្វើតំណើរណាស់ ហុយ រលាក់ ផ្លូវប្រៀបដូចថ្លុកក្របី ដោយពលរដ្ឋរស់នៅស្របតាមផ្លូវជាតិមួយនេះមានការលំបាកណាស់ ដោយសារតែរថយន្តដឹកមិនគោរពទៅតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ។

បញ្ហានេះ ពលរដ្ឋ តែងតែលើកឡើងថា តើអាជ្ញាធរមានសមត្ថកិច្ច មានសមត្ថភាព ពិតប្រាកដ ដោះស្រាយបញ្ហានេះ បានដែរឬទេ ? ៕ប្រភពពីCPC NEWS

