រថយន្តដឹកទំនិញពន្លះជាមួយរថយន្តដឹកកម្មករ រួចក៍ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៧នាក់…
ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រចំនួន៧នាក់រងរបួសធ្ងន់ស្រាល និងម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញជាមួយរថយន្តដឹកកម្មករដែលកំពុងឈប់ចត ហើយជ្រុលបុកម៉ូតូមួយគ្រឿងទៀតនៅជិតស្ពានព្រែកតាមាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករខាងលើ ម៉ាក Hyundai ធុនធំដឹកទំនិញ ពណ៌ស ផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ខេត្តត្បូងឃ្មុំ រួមដំណើរ២នាក់ បើកបរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តដឹកកម្មករដែល ឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការដោយនៅក្នុងរថយន្តមានមនុស្សសរុបចំនួន២៨នាក់ ហើយរថយន្តបង្ករបានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Cub 50 ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1M-5937 បើកបរដោយឈ្មោះ ជាន ស៊ីដែន ភេទប្រុស អាយុ២០ឆ្នាំ ដែលកំពង់ធ្វើដំណើរបញ្ចាស់ទឹសគ្នា។

សមត្ថកិច្ចបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលឱ្យមានជនរង ចំនួន៨នាក់ហើយក្នុងនោះស្លាប់ម្នាក់ នៅកន្លែងកើតហេតុនិងរបួសធ្ងន់ចំនួន៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ។

ហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នេះគឺដោយ សារអ្នកបើកបររថយន្តបង្កបើកល្បឿនលឿនហើយវ៉ាជែងមិនប្រកាន់ស្ដាំនឹងខ្វះការប្រុងប្រយ័ត្ន ៕



