គ្រឿងញៀនជាង១គីឡូក្រាមថ្មីចែសទៀត ចាប់បាននៅលើទឹកដីខេត្តកំពង់ស្ពឺ….

រាជធានីភ្នំពេញ ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយទៀតហើយថ្មីចែស នៅលើទឹកដីខេត្តកំពង់ស្ពឺ ជាលទ្ធផលឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងចាប់យកថ្នាំញៀនប្រមាណជាង១ គីឡូក្រាម។ ជនសង្ស័យឈ្មោះ ប៊ុន ចាន់ដារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋានរស់នៅភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងបានឲ្យដឹងថា កិច្ចប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យទី៤ របស់មន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកការស៊ើបអង្កេត និងស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សារធាតុញៀនដែលសមត្ថកិច្ចដកហូតពីឈ្មួញនោះ ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១២៨៥.៨៥ ក្រាម។ ក្រោយឃាត់ខ្លួនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram