ចង្រៃណាស់!! សត្វទន្សោងដ៏កម្រ១ក្បាល ងាប់ដោយជាប់អន្ទាក់
ខេត្តកំពង់ស្ពឺ៖សត្វទន្សោង១ក្បាល ត្រូវបានប្រជាសហគមន៍ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រទះឃើញងាប់ដោយជាប់អន្ទាក់កាលពីចុងខែមករា ឆ្នាំ២០២០។

ករណីបែបនេះ កន្លងមក
បានកើតឡើងជាច្រើនលើកមកហើយៗបទល្មើសសត្វព្រៃ នៅតែជាការគំរាមកំហែងយ៉ាង
ធ្ងន់ធ្ងរ ជាពិសេសប្រភេទសត្វទន្សោងដ៏កម្រ និងជិតផុតពូជពីភពផែនដីយើងនេះ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ AKP
ឱ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ជនណាក៏ដោយដែលហ៊ាន ប្រព្រឹត្តអំពើ
បាញ់សត្វព្រៃ ឬដាក់អន្ទាក់សត្វព្រៃ ជាពិសេសសត្វទន្សោងដែលជិតផុតពូជ
នឹងត្រូវទទួល ទោសទណ្ឌជាក់ជាមិនខានឡើយ។
លោកបានអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកជនល្មើសយកមកផ្តន្ទារទោស តាមច្បាប់ឱ្យទាល់តែបាន ហើយស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន អំពីការទិញ និងលក់សត្វព្រៃដោយខុសច្បាប់មកអាជ្ញាធរផងដែរ។

លោកបានបញ្ជាក់ថា គ្រប់អន្ទាក់ទាំងអស់សុទ្ធតែអាចសម្លាប់ជីវិតសត្វ និងមនុស្ស បានគ្រប់ពេល ប្រសិនបើមិនប្រយ័ត្នដើរជាន់ចំពីលើវា។ ការបន្តប្រើអន្ទាក់ដើម្បីប្រមាញ់ សត្វព្រៃនឹងបង្កឱ្យមានវិនាសកម្មសត្វព្រៃយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបាត់បង់ពូជ សត្វកម្រដូចជាទន្សោង ខ្ទីងជាដើមយ៉ាងឆាប់រហ័ស។
ដូចនេះវាជាមុខរបរខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយជាមុខរបរដែលប្រជាពលរដ្ឋប្រជា សហគមន៍មិនពេញចិត្តឡើយ ដូចនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវមុខរបរបែបនេះ ដោយនាំគ្នាងាកមកប្រកបរបរផ្សេងៗដែលមិនខុសច្បាប់វិញ៕
