ត្រងកូនត្រី១គីឡូជាង១ម៉ឺនទៅ២ម៉ឺនរៀល តែធ្វើផ្អកត្រីប្រៃថោកជាងនេះបន្តិច…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនៅតាមជនបទស្រុកស្រែឱ្យតែដល់ថ្ងៃ១៥ កើត ខែកត្តិក ដែលមានខ្យល់បក់ពីទិសជើង តែងតែនាំគ្នារកត្រី និងត្រងត្រីក្រឹម ត្រីក្អិត សម្រាប់ធ្វើផ្អកត្រីប្រៃ ទុកផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់នៅលើផ្សារ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ គឺតែងតែនាំគ្នាចាំត្រងកូនត្រីក្អិត ដើម្បីយកធ្វើផ្អកត្រីប្រៃ (ផ្អកក្រឹម) ឬក៏យកមកធ្វើម្ហូបដូចជា ខគ្រឿងជ្រលក់បន្លែធម្មជាតិជាដើម។ជាក់ស្តែងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺមានប្រជាពលរដ្ឋនាំគ្នាយកស្បៃមុងត្រងត្រី ក្អិត ត្រីក្រឹម នៅតាមប្រឡាយ និងមុខលូកាត់ថ្នល់ ដើម្បីយកត្រីធ្វើម្ហូបផងដែរ។

ទាក់ទិនរឿងរ៉ាវខាងលើនេះដែរ លោក សំ អូន ដែលជាអ្នកត្រងកូនត្រីក្អិត បានប្រាប់ឱ្យដឹងថា រូបគាត់ក៏ដូចជាពលរដ្ឋក្នុងភូមិបាននាំគ្នាត្រងកូនត្រីក្អិត តាមមាត់លូកាត់ផ្លូវរបស់រដ្ឋ ខណៈពេលនេះមានត្រីចុះច្រើនផងនោះ គឺបងប្អូនក៏នាំគ្នាយកអញ្ចងអូសនៅតាមទឹកហូរមុខមាត់លូ ដោយមានអ្នកខ្លះយកកញ្ច្រែងត្រងផងដែរ។លោកបានបន្តថា ការអូសកូនត្រីក្នុងមួយអញ្ជងបានច្រើនគួរសមដែរ សម្រាប់ថ្ងៃដែលមានកូនត្រីចុះច្រើន បើតាមថ្ងៃធម្មតាវិញ គឺបានត្រឹមតែធ្វើម្ហូបប្រចាំថ្ងៃប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ចំពោះកូនត្រីក្អិតស្រស់សុទ្ធវិញ គឺមានអ្នកធ្វើដំណើរឆ្លងកាត់សុំទិញក្នុងមួយគីឡូ១៥,០០០រៀលទៅ២ម៉ឺនរៀល ហើយបើមានលាយកូនត្រីផ្សេងៗអាចលក់ថោកជាងនេះបន្តិច ចំណែកការធ្វើចេញជាផ្អកត្រីប្រៃ (ផ្អកក្រឹម) គឺលក់បានក្នុងមួយគីឡូ១២,០០០រៀលទៅ១៥,០០០រៀល។


លោកបានបន្តទៀតថា កូនត្រីក្អិត គេអាចយកធ្វើផ្អកត្រីប្រៃ (ឬហៅផ្អកក្រឹម) អាចទុកបានយូរថ្ងៃ ជាពិសេសប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តទទួលទានប្រចាំថ្ងៃផងដែរ។ ហើយគេក៏សង្កេតឃើញមាននៅហាងលក់បាយ ភោជនីយដ្ឋាន មួយចំនួនក្នុងខេត្តស្វាយរៀង ក៏គេយកកូនត្រីក្អិតនេះទៅធ្វើជាមុខម្ហូបដូចជា ខគ្រឿងជ្រលក់បន្លែគ្រប់មុខ និងលីងស្លឹកល្មៀត ព្រមទាំងអបស្លឹកល្មៀតជាដើម។ចំណែកផ្អកត្រីប្រៃ (ផ្អកក្រឹម) វិញ គឺយកទៅផ្គាប់ជាមួយត្រីអណ្តែងអាំង ត្រីអាំង ឬចៀនគ្រប់ប្រភេទ។ ហើយអ្នកខ្លះគេយកត្រីអាំងបេះជ្របល់ជាមួយត្រីប្រៃ ដោយមានដាក់រំដេងហាន់ឲ្យល្អិតស្តើងៗ រួចហាន់ម្ទេសស្រស់ដាក់ពីលើ និងច្របាច់ក្រូចឆ្មា ឬក៏បុកម្ជូរខ្ចីដាក់លាយ រួចផ្ទាប់ជាមួយបន្លែធម្មជាតិ ដូចជា ៖ ពពាយ ត្រសក់ ស្ពៃ ត្រប់ស្រួយ ត្រប់វែង (ត្រប់ក្តគោ) ម្ជូរពេលព្រឹក ម្ជុលភ្នំ ផ្កាស្នោ។ល។ ពិតជាឆ្ងាញ់ពិសារមែននេះ ជាម្ហូបប្រចាំខេត្តស្វាយរៀង ក្រៅពីសម្លរកកូកណ្តៀង សម្លរម្សៅផ្សិតប្រចាក់ និងទឹកគ្រឿង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram