សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅក្នុងបរិវេណ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃសុក្រទី០៦ ដល់ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អាជ្ញាធររាជធានីភ្នំពេញគ្រប់ជាន់ថ្នាក់ សមាជិក សមាជិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា គ្រូបង្វឹក កីឡាករ កីឡាការនី ព្រមទាំងសារព័ត៌មានជាច្រើនរូបផងដែរ។


នាឱកាសនោះ សម្ដេចក្រឡហោម ស ខេង មានប្រសាសន៍ថា «ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ ឆ្នាំ២០២០ នារសៀលនេះ គឺជាការប្រកួតមួយដ៏មានសារៈសំខាន់ ដើម្បីហ្វឹកហាត់សមត្ថភាពរបស់យើង ដើម្បីត្រៀមសម្រាប់ការប្រកួតនានា ជាពិសេស ការប្រកួតស៊ីហ្គែម នៅប្រទេសកម្ពុជានាឆ្នាំ២០២៣ខាងមុខ»។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានរៀបរាប់ថា នាពេលកន្លងមក កីឡាប៉េតង់របស់កម្ពុជា ទទួលបានពានរង្វាន់ច្រើនជាងគេនៃកីឡាផ្សេងៗ ដូចជា ៖ មេដាយមាស មេដាយប្រាក់ និងមេដាយសំរិត ទាំងនេះធ្វើឲ្យកម្ពុជា មានការទទួលស្គាល់ និងកោតសរសើរពីឆាកអន្ដរជាតិ ដូច្នេះ កីឡាប៉េតង ក៏ជាការរួមចំណែកលើកកម្ពស់កម្ពុជាផងដែរ។


សូមជម្រាបថា ការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ”នេះឡើងក្នុងគោលបំណងដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុង ការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។


លើសពីនេះទៀត វិញ្ញាសាដែលដាក់ឱ្យប្រកួតនៅក្នុងឆ្នាំ២០២០នេះមានចំនួន៨ និងមានការប្រកួតសរុបចំនួន ៣១៨ប្រកួត និងមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤៧៨នាក់។ វិញ្ញាសាប្រកួតទាំង៨នោះរួមមាន៖ បុរស (ពានធំ) ៣នាក់ ទល់៣នាក់ (បម្រុង ១ នាក់), នារី ៣នាក់ទល់៣នាក់ (បម្រុង១ នាក់), យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០ ២) យុវនារី ១៨ឆ្នាំចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២)។


ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង), យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥), យុវនារី ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥, សមាគមនារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង៕ រតនា

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram