នារីម្នាក់មានសង្សារជាជនជាតិកូរ៉េបានទៅញាំអាហារជុំគ្នាជាមួយមិត្តភក្តិស្រីម្នាក់ទៀត…
រាជធានីភ្នំពេញ ៖ នារីម្នាក់មានសង្សារជាជនជាតិកូរ៉េបានទៅញាំអាហារជុំគ្នាជាមួយមិត្តភក្តិស្រីម្នាក់ទៀត លុះពេលស្រវឹងក៏នាំគ្នាជិះរថយន្តត្រឡប់ទៅផ្ទះវិញ ស្រាប់តែនាងរករឿងប្រច័ណ្ឌ បន្ទាប់មកក៏ឈប់រថយន្តតាមផ្លូវ ហើយចុះពីលើរថយន្តឈ្លោះគ្នាទៀត ដោយខាងប្រុសបានបដិសេធថាគាត់គ្មានទំនាក់ទំនងជាមួយអ្នកណាទេ ប៉ុន្តែខាងស្រីនៅតែចោទប្រកាន់ និងបានប្រតាយប្រតប់គ្នាពេញផ្លូវ ។

ពេលនោះបុរសជាសង្សារបានបើករថយន្តចេញទៅ ហើយនារីជាសង្សារក៏លោតតោងរថយន្ដនោះមិនជាប់ ក៏ត្រូវរថយន្តមួយគ្រឿងទៀតកៀរដួលបោកក្បាលនឹងថ្នល់ហូរឈាម និងរលាត់ដៃជើងរងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្មានថាជាករណីរថយន្តបុកហើយបើកគេចខ្លួន ក៏នាំគ្នាបើកម៉ូតូដេញតាមពីក្រោយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យជួយដេញតាមរថយន្តនោះជាច្រើនជុំ បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ចខណ្ឌទួលគោក លុះពេលសួរនាំទើបដឹងថា ជាករណីគូសង្សារឈ្លោះគ្នា ។ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១១៨ កែងនឹងផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។នារីដែលរងរបួសខាងលើមិនស្គាល់ឈ្មោះនោះទេ ចំណែកបុរសជាសង្សារក៏មិនស្គាល់ឈ្មោះដែរ គ្រាន់តែដឹងថាជាជនជាតិកូរ៉េ ។

តាមប្រភពពីនារីម្នាក់ត្រូវជាមិត្តភក្ដិជិតស្និទ្ធរបស់នារីខាងលើបានប្រាប់ឲ្យដឹងថា នារីខាងលើ និងបុរសជាជនជាតិកូរ៉េនោះ ពួកគេទាំងពីរត្រូវជាសង្សារនឹងគ្នា ហើយរស់នៅផ្ទះជាមួយគ្នាដូចប្តីប្រពន្ធ ហើយពួកគេទាំងពីរនាក់មានទំនាក់ទំនងនឹងគ្នាជិតមួយឆ្នាំហើយ ។ ជាទម្លាប់ស្ទើរតែរាល់ថ្ងៃ ដែលនារីខាងលើ និងសង្សារជាជនជាតិកូរ៉េនោះឈ្លោះប្រកែកគ្នាបែបនេះ។

តាមប្រភពដដែលបានបន្តទៀតថា មុនមានការភ្ញាក់ផ្អើល គឺនារីខាងលើ និងសង្សារ ព្រមទាំងរូបគាត់ បានណាត់គ្នាមកញ៉ាំអាហារ និងផឹកស្រាជុំគ្នានៅហាងមួយកន្លែងមិនចាំឈ្មោះ មានទីតាំងនៅជិតស្តុបផ្សារដេប៉ូ ។ លុះពេលនារីខាងលើនោះស្រវឹង ក៏កើតចិត្តប្រច័ណ្ឌសង្សារថាលួចមានទំនាក់ទំនងជាមួយស្រីផ្សេង ថែមទាំងប្រច័ណ្ឌជាមួយគាត់ដែលជាមិត្តភក្ដិជិតស្និទ្ធទៀត ។ ដោយសារឃើញនារីជាសង្សារស្រវឹង បុរសជាសង្សារក៏បានគិតលុយ និងនាំគ្នាបើករថយន្តចេញ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនៅក្នុងរថយន្ត នារីជាសង្សារនៅតែនិយាយពាក្យដដែលៗថា បុរសជាសង្សារក្បត់ចិត្ត ជាហេតុធ្វើអោយខាងប្រុសធុញក៏ឈប់រថយន្ត និងចុះឈ្លោះប្រកែកគ្នាពេញផ្លូវ ដោយខាងស្រីគិតតែស្រែកថាអោយបុរសជាសង្សារ ចំណែកបុរសជាសង្សារបានបដិសេធ និងព្យាយាមឃាត់អោយនារីជាសង្សារស្ងាត់ស្ងៀមសិន មានរឿងអ្វី ចាំទៅនិយាយគ្នានៅផ្ទះ តែនារីជាសង្សារមិនស្ងាត់ នៅតែបន្តនិយាយពាក្យដដែលៗ ធ្វើឲ្យខាងប្រុសទ្រាំមិនបាន ព្រោះនិយាយមិនស្តាប់គ្នា ក៏ឡើងរថយន្តបើកចេញទៅយ៉ាងលឿន ហើយភ្លាមៗនោះនារីជាសង្សារក៏បានរត់តាម និងលោតតោងរថយន្ដ ព្យាយាមហាមឃាត់បុរសជាសង្សារ ក៏ត្រូវរថយន្តមួយគ្រឿងផ្សេងទៀតកៀរបណ្តាលឱ្យខ្ទាតដួលបោកនឹងថ្នល់រងរបួសបែកក្បាលឈាមពេញខ្លួន និងរលាត់ដៃជើងយ៉ាងដំណំ ។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ឃើញបែបនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ស្មានតែជាករណីរថយន្តបុកហើយបើកគេចខ្លួន ក៏នាំគ្នាបើកម៉ូតូដេញតាមពីក្រោយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យជួយដេញតាមរថយន្តនោះជាច្រើនជុំបង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ចខណ្ឌទួលគោក ហើយរថយន្តនោះក៏បើកត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីយកនារីជាសង្សារត្រឡប់ទៅផ្ទះវិញ។ នៅពេលសមត្ថកិច្ចសួរនាំពត៌មានលម្អិត ទើបដឹងថាជាករណីគួសង្សារឈ្លោះប្រកែកគ្នាព្រោះតែរឿងប្រច័ណ្ឌ ។ក្រោយកើតហេតុ នារីជាសង្សារមិនបានទៅប្តឹងផ្តល់អ្វីទេ ព្រោះនេះជាទម្លាប់ពួកគេទាំងពីរនាក់ទៅហើយ រួចក៏នាំគ្នាឡើងរថយន្តបើកចេញទៅ ធ្វើដូចគ្មានរឿងអ្វីកើតឡើង៕
