ក្រសួងសុខាភិបាល រកឃើញអ្នកប៉ះពាល់ ជាមួយរដ្ឋមន្ត្រីការបរទេស ហុងគ្រីចំនួន ៦២៨នាក់…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង២៣ និង០០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញ អ្នកដែលបានប៉ះពាល់ជាមួយ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីចំនួន ៦២៨នាក់។ក្រសួងបានបន្តទៀតថា លទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងសុខាភិបាល ទទួលបានសេចក្តីជូនព័ត៌មាន ស្តីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការ នៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ជាមួយគ្នានោះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេល ដែលបានធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លងទៅនេះ។





ក្រសួងសុខាភិបាល ក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើនប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ ពេលក្អកកណ្តាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលាគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕
