កម្ពុជានឹងទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូសជំនួយរដ្ឋាភិបាលជប៉ុននៅយប់ថ្ងៃទី២៣នេះ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះមុននេះ ។
នៅយប់ថ្ងៃទី ២៣ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទៅទទួលវ៉ាក់សាំងវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនកម្ពុជា ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជាដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន ។


វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន ដែលត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដានេះ គឺក្រោយពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់ ។
ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជា កាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាមេរិក ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជា ការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ។
រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។


គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៤៥៤,៦០១នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន ៦៤.៥៥% ។
តាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន ។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋាន មួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្ត្រីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។


កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram