ក្រុមបាតុករទាមទារឲ្យអាល្លឺម៉ង់ ពិនិត្យពីការគង់នៅក្រៅរបស់ស្ដេចថៃ…

រាជធានីបាងកក៖ ក្រុមបាតុករថៃ បានសន្យាថា ពួកគេនឹងចេញមកតាមដងផ្លូវ ដង្ហែញត្ដិទៅកាន់ស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅទីក្រុង នៅរសៀលថ្ងៃទី២៦ ខែតុលា ដោយអំពាវនាវឲ្យប្រទេសអឺរ៉ុបមួយនេះ ត្រួតពិនិត្យមើលលើការគង់ប្រថាប់នៅក្រៅប្រទេសរបស់ទ្រង់ ដោយសារតែស្ដេចអង្គនេះសោយរាជសម្បត្ដិ នៅក្នុងប្រទេសថៃ ហើយភាគច្រើនទៅគង់នៅតែប្រទេសអាល្លឺម៉ង់។

បើតាមសារព័ត៌មានថៃ The Nation បានផ្សាយថា ក្រុមបាតុករគាំទ្រលទ្ធិប្រជាតេយ្យ បានប្រកាស នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ថា ពួកគេនឹងដង្ហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង ប្រចាំនៅទីក្រុងបាងកក នៅរសៀលនេះ ដើម្បីដាក់ញត្ដិ។ រីឯញត្ដិរបស់ពួកគេ អំពាវនាវដល់អាជ្ញាធរអាល្លឺម៉ង់ ឲ្យត្រួតពិនិត្យឡើងវិញ ចំពោះករណីព្រះមហាក្សត្រសោយរាជសម្បត្ដិ នៅក្នុងប្រទេសថៃ ហើយទៅគង់នៅតែប្រទេសអាល្លឺម៉ង់។

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់ថា ព្រះមហាក្សត្ររបស់យើង ត្រូវបានគេប្រើជាឧបករណ៍នយោបាយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ មេដឹកនាំផ្តាច់ការ និងហ្វាស៊ីសនិយម បានប្រើរបបរាជានិយម ដើម្បីប្រឆាំងនឹងក្រុមអ្នកដែលប្រឆាំងនឹងពួកគេ។ នេះជាមូលហេតុដែលប្រទេសថៃ មិនអាចដំណើរការឆ្ពោះទៅមុខ តាមអ្វីដែលចង់បាន។

ជាមួយគ្នានេះ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ថា លោក ប្រាយុទ្ធ កំពុងតែធ្វើឲ្យស្ថានភាពប្រទេសកាន់តែអាក្រក់ឡើង នៅក្នុងរយៈពេល៦ ឆ្នាំចុងក្រោយនេះ។ ដូច្នេះពួកគេទាស់នឹងលោក ប្រាយុទ្ធ ចាន់អូចា ចំពោះការឡើងកាន់អំណាច មិនស្របច្បាប់ តាមរយៈការធ្វើរដ្ឋប្រហារ ហើយសរសេររដ្ឋធម្មនុញ្ញ សម្រាប់តែប្រយោជន៍របស់គាត់ និងបក្ខពួក ដើម្បីអាចបន្ដការកាន់អំណាច នៅក្នុងប្រទេសថៃ។

សូមជម្រាបថា ព្រះមហាក្សត្រថៃ Vajiralongkorn តែងតែយាងទៅគង់ នៅក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាងប្រទេសរបស់ទ្រង់។ ប៉ុន្ដែព្រះអង្គ ទើបនឹងយាងវិលត្រឡប់មកប្រទេសថៃវិញ កាលពីពាក់កណ្តាល ខែតុលា ក្នុងឱកាសខួប៤ឆ្នាំ នៃថ្ងៃព្រះបិតា Bhumibol Adulyadej ចូលទិវង្គត ។ ការវិលត្រឡប់មកកាន់ព្រះនគរវិញ ក៏ចំពេល ប្រជាពលរដ្ឋ ធ្វើបាតុកម្ម យ៉ាងរញ្ជួយទីក្រុងបាងកក ដោយទាមទារចំនួន៣ចំណុចសំខាន់ៗ រួមមាន ទី១-ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, -ទី២-រំលាយសភា (ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលក្រុមយោធាតាក់តែងឡើង) និងទី៣-កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram