អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងឥន្ទនៈមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់កម្លាំងនគរបាលខេត្តព្រះវិហារ ចុះអន្តរាគមន៍ភ្លាមៗ

ព្រះវិហារ៖ រថយន្តមួយគ្រឿង ដែលមានផ្ទុកប្រេងឥន្ទនៈពីរប្រភេទ និងមានចំណុះជិត២០០០លីត្រ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតយ៉ាងដំណំ។ ប៉ុន្តែ ការឆាបឆេះនេះ បានរលត់ទៅវិញទាំងស្រុង បន្ទាប់ពីកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យខេត្ត និងក្រុងព្រះវិហារ ចុះធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ បានទាន់ពេលវេលានោះមក។

ហេតុការណ៍អគ្គីភ័យ ឆេះរថយន្តដឹកប្រេងឥន្ទនៈមួយគ្រឿងនោះ បានកើតឡើងនៅម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២០មករាឆ្នាំ២០២០នេះ នៅលើទីតាំងមួយកន្លែង ស្ថិតក្នុងភូមិ កំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីនគរបាលជំនាញខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា ពិតជាមានរថយន្តមួយគ្រឿងដឹកប្រងឥន្ទនៈ បានរងការឆាបឆេះដោយអគ្គីភ័យនោះមែន ហើយរថយន្តនោះ គឺជាប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ខៀវ និងមានចំណុះ១តោនកន្លះ។ លោកថា នៅលើរថយន្តមានផ្ទុកទៅដោយប្រេងឥន្ទនៈពីរប្រភេទ គឺ ប្រភេទប្រេងសាំង មានចំនួន ១០កាន ស្មើនឹងចំណុះ ៣០០លីត្រ និងប្រេងម៉ាស៊ូត ចំនួន ៣៥កាន ស្មើនឹងចំណុះ ១ពាន់ ៣៥០លីត្រ សរុប ប្រេងទាំងពីរប្រភេទ មានចំនួន ៤៥កាន ស្មើនឹងចំណុះ ១ពាន់ ៨៥០លីត្រ ទាំងរថយន្ត និងប្រេង បានរងការឆាបឆេះអស់ស្ទើរទាំងស្រុង។ រីឯ ជនរងគ្រោះពីការឆេះរថយន្ត និងប្រេងឥន្ទនៈនោះ ប្តីឈ្មោះ ផៃ ជឿន អាយុ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះ សួន រដ្ឋា អាយុ២៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ លោកថា នៅក្នុងពេលប្រតិបត្តិការ ស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ប្រើប្រាស់ទឹកអស់ ៩០០០លីត្រ គ្រាប់បែកពន្លត់អគ្គីភ័យ ២០គ្រាប់ និងប្រើប្រាស់កម្លាំងអន្តរាគមន៍ ១៥០នាក់ ដើម្បីពន្លត់ភ្លើងដែលឆាបឆេះនោះ ហើយភ្លើងបានរលត់ជាស្ថាពរ ដោយមិនបង្ករប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនោះឡើយ។ លោកបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យឆេះរថយន្តមួយគ្រឿង និងប្រេងមានចំណុះជិត ២០០០លីត្រនោះ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។

ប្រភពដាច់ដោយឡែក បានបង្ហើបឲ្យដឹងថា នៅមុនពេលរថយន្តនោះឆេះ គេបានឃើញ រថយន្ត១គ្រឿងនោះ បើកចូលស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង នៅជិតស្ពានកំពង់ចម្លង នៃដងស្ទឹងសែន ហើយមានផ្ទុកប៊ីដុងប្រេងនៅលើនោះជាច្រើន។ បន្ទាប់មក គេឃើញមានការបូមប្រេងបញ្ចូលក្នុងប៊ីដុង« កាន » ស្ទើររួចរាល់ទៅហើយ តាមទំនងអាចនឹងដឹកយកទៅចែកចាយនៅតាមដេប៉ូនានាក្នុងខេត្ត សម្រាប់លក់ជាបន្ត។ នៅក្នុងពេលនោះ ស្រាប់តែគេឃើញ អណ្តាតភ្លើងបានឆាបឆេះឡើង រីឯ តៃកុងរថយន្ត ក៏ប្រញាប់បើករថយន្តដឹកប្រេងនោះ ចាកចេញពីស្ថានីយ៍ប្រេងឥន្តនៈ មកឈប់នៅលើទីទួលទំនេរមួយ ដើម្បីបញ្ជៀសពីការរាលឆ្លងឆេះស្ថានីយ៍ប្រេង និងប៉ះពាល់ដល់ផ្ទះអ្នកដទៃ។ ក្រោយពីបើរថយន្តចាកចេញពីស្ថានីយ៍នោះភ្លាម តៃកុងរថយន្ត ក៏បានលោកចុះពីលើរថយន្ត និងបានរត់គេចចេញពីការឆាបឆេះនោះ ប៉ុន្តែ ដោយសារអំណាចប្រេងសាំង រថយន្ត និងប្រេងបានឆេះអស់ស្ទើរគ្មានសល់ បើទោះបីជាកម្លាំងនគរបាល ១៥០នាក់ បានចុះធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់យ៉ាងណាក្តី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram