មេធាវីស្ម័គ្រចិត្ដសម្តេចតេជោសែន ប្រកាសទទួលការពារក្តីឱ្យអ្នកសារព័ត៌មាន ដែលប្រកបតាមវិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវ

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — ក្រុមមេធាវីស្ម័គ្រចិត្ដសម្តេចតេជោសែន បានប្រកាសទទួលយកការការពារក្តីឱ្យអ្នកសារព័ត៌​មាននៅពេលមានបញ្ហាប្តឹងផ្តល់ណាមួយដល់អ្នកសារព័ត៌មាន ខណៈអ្នកសារព័ត៌មានចូលរួម​​បំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវ។

ក្នុងជំនួបពិភាក្សាការងាររវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនបានថ្លែងថា ក្រុមមេធាវីស្ម័គ្រចិត្ដ​សម្ដេច​តេជោ​សែនបានយល់ព្រមតាមការកំណត់យកការការពារក្តីដល់អ្នកសារព័ត៌មាន ប៉ុន្ដែការពារតែរឿង​ក្តីអ្នកសារព័ត៌មានណា ដែលគោរពតាមវិជ្ជាជីវៈ ហើយអ្នកសារព័ត៌មានមិនគោរពវិជ្ជាជីវៈ ឬ​មិន​​បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មេធាវី មិនជួយការពាក្តីនោះទេ។ ឯកឧត្ដមបានបន្ដថា មេធាវី​ស្ម័គ្រចិត្តរបស់សម្តេចតេជោសែន មានចំនួន៦៧រូប ដែលមាននៅតាមបណ្តាខេត្ត ​រាជធានី​ទាំងអស់ដោយក្នុងមួយខេត្តមានមេធាវីប្រចាំការចំនួន២រូប ដើម្បីការពាក្តី។ ឯកឧត្ដម​បានបន្ដទៀតថា ក្រុមមេធាវីបានចាប់ផ្តើមជួយការពារអ្នកសារព័ត៌មាននេះ គឺចាប់ពីពេល​ដែល​សម្តេច​តេជោ​ប្រកាសឱ្យក្រុមមេធាវីការពារក្តីជូនអ្នកសារព័ត៌មាន កាលពីជំនួបរវាងសម្ដេច​តេជោ​ជាមួយអ្នកសារព័ត៌មានលើកទី៤ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងមក ហើយ​រាល់​ថវិកាដែលរៀបចំការពារ​ក្តីនេះ​គឺជាថវិការបស់សម្តេចតេជោផ្ទាល់តែម្តង។

ឯកឧត្ដមបានបន្ថែមថា “មេធាវីយើងជួយចំពោះអ្នកសារព័ត៌មានដែលប្រកបវិជ្ជា​ជីវៈ​ត្រឹម​ត្រូវ ដែលទទួលរងនៅការប្តឹង។​ផ្ទុយទៅវិញចំពោះអ្នកសារព័ត៌មានដែលមិន​ប្រកប​វិជ្ជា​ជីវៈត្រឹមត្រូវគឺសម្តេចមិនផ្តល់មេធាវីជូនទេ ហើយករណីនេះសម្តេចតេជោបានផ្តល់សិទ្ធិមកឱ្យ​យើងខ្ញុំថាជួយ ឬមិនគួរជួយ។” ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា សម្តេចតេជោបាន ផ្តល់​សេវា​មេធាវីដល់អ្នកសារព័ត៌មាន៥០ភាគរយ គឺផ្តល់ឱ្យតែអ្នកសារព័ត៌មានប្រកប​វិជ្ជាជីវៈត្រឹម​ត្រូវ ទាំងបុរស និងស្ត្រី។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានស្នើសុំដល់ក្រសួងព័ត៌មាន​ត្រូវផ្សព្វ​ផ្សាយ​ដល់អ្នកសារព័ត៌មានទាំងអស់ឱ្យជួយផ្សព្វផ្សាយអំពីក្រុមមេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ​សែនវិញ ពាក់ព័ន្ធប្រជាពលរដ្ឋក្រីក្រនៅជនបទដាច់ស្រយាលឱ្យ​បានដឹង ពិសេសនោះ​ជួយ​ស្ត្រីក្រីក្រដើម្បីឱ្យក្រុមមេធាវីបានដឹង និងទទួលព័ត៌មានបានជួយពួកគាត់។

ឯកឧត្ដមគូសបញ្ជាក់បន្ថែម “មេធាវីយើងស្នើសុំឱ្យក្រសួងជួយផ្សព្វផ្សាយដល់​អ្នកសារ​ព័ត៌មានទាំងអស់ធ្វើការរាយការណ៍ពីសេវាការពារដល់ជនក្រីក្រ ពិសេសអ្នកដែលគ្មាន ស្មាត​ហ្វូន ប្រើប្រាស់ ដែលមិនដឹងសេវាមេធាវីស្ម័គ្រសម្តេចតេជោ។ ខ្ញុំស្នើសុំដើម្បីដល់គាត់​ព្រោះ​គាត់ចុះយកព័ត៌មានដឹងរឿងមុនពួកខ្ញុំ ហើយនៅពេលគាត់ដឹងគាត់មកប្រាប់ពួកខ្ញុំ ក្រុមយើង​ចុះទៅជួយដល់ស្ត្រីរងគ្រោះក្រីក្រនោះភ្លាម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទទួលបាន​ព័ត៌មាន​មុន ពិសេសនោះនៅតំបន់ដាច់ស្រយាល ជនបទ។”

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សម្រាប់​ក្រុម​មេធាវីស្ម័គ្រចិត្ដសម្តេចតេជោសែនក្នុងការជួយការពារក្ដីដល់អ្នកសារព័ត៌មាននេះ គឺនៅពេល​អ្នក​​សារព័ត៌មានបញ្ហាផ្លូវច្បាប់ណាមួយដែលត្រូវបានទទួលរងនូវ​ការប្តឹងគឺត្រូវឱ្យអ្នក​សារព័ត៌​មាននោះ ឆ្លងកាត់មកក្រសួងព័ត៌មាន ដើម្បីពិនិត្យសិន ព្រោះថាអ្នកសារព័ត៌មាន គ្រប់គ្រង​ដោយច្បាប់ គឺអ្នកសារព័ត៌មានចុះបញ្ជីត្រឹមត្រូវ។ ដូច្នេះអ្នកសារព័ត៌មានបែបនេះខាងមេធាវី ក៏ដូចជា ក្រសួងព័ត៌មាននឹងសហការគ្នាផ្តល់សេវាជួយ។ ឯកឧត្ដមបានលើកជា​ឧទាហរណ៍​ថា បើមានអ្នកសារព័ត៌មានខ្លះគ្រាន់តែមានទូរស័ព្ទមួយអាចឡាយ ឬថតផ្សាយតាម​បណ្តាញ​សង្គមហ្វេសប៊ុកក៏បានតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយពេលមាន​បញ្ហាប្តឹងផ្តល់នោះ ក្រុម​មេធាវីក៏មិនផ្តល់សេវាជូនដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកឡើងថា ការផ្តល់សេវាមេធាវីនេះ ដែរមិនមែនជាការលើកទឹកចិត្ដដល់អ្នកសារព័ត៌មានឱ្យទៅគំរាមកំហែង ឬជេរគេ ឬជេរសមត្ថ​កិច្ច​នោះទេ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានស្នើសុំការពិគ្រោះយោយល់ចំពោះ​ការផ្សាយ​អត្ថបទណាដែលសរសេមានខ្លឹមសារ ឬរូបភាពណាដែលប៉ះពាល់អាចឈានដល់មានការប្តឹង ដល់ផ្លូវតុលាការទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោផងដែរ។ លើសពីនេះទៀត ក្រសួង​នឹងបង្កើតជាគ្រុបតេឡេក្រាមមួយរវាងក្រុមមេធាវីស្ម័គ្រចិត្ត និងក្រុមមេធាវីអន្តរាគមន៍​សរុប១២​រូប ដើម្បីធ្វើកិច្ចការជាមួយក្រសួងព័ត៌មានក្នុងការធ្វើ កិច្ចការឱ្យ​បានឆាប់រហ័ស​និងទាន់ពេល​វេលា។

ពាក់ព័ន្ធនឹងការជួយផ្ដល់សេវាផ្នែកច្បាប់របស់មេធាវីស្ម័គ្រចិត្ដសម្ដេចតេជោសែននេះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមថា ក្រសួងនឹងរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ​អំពី​សេវាមេធាវី ដែលត្រូវផ្តល់ជូនអ្នកសារព័ត៌មាននៅពេលខាងមុខនេះ ដោយមាន​ការ​ចូលរួមពី​មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីធ្វើការពន្យល់ដល់អ្នកសារព័ត៌មាន។ ចំពោះសំណើរបស់​ឯកឧត្ដមរដ្ឋមន្ត្រីនេះ ត្រូវបានឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ដ​សម្ដេចតេជោ​សែនប្រកាសស្វាគមន៍ និងទទួលយក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram