ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងអុ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំងអស់ នាំយកអំណោយសម្តេចប្រធានរដ្ឋសភាទៅជូនរដ្ឋបាលខេត្តកំពង់ស្ពឺ …

ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សំ រិទ្ធី ឯកឧត្តម សុខ ប៊ន ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សត្យា វុធ និងឯកឧត្តម តុង សេង បាននាំយកអង្ករ គ្រឿង ឧបភោគបរិភោគ សំភារៈសង្រ្គោះ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិសុទ្ធវង្សា សៅ ទី ហេងសំរិន ទៅជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ការឧបត្ថម្ភរបស់សម្តេចប្រធានរួមមាន អង្ករ ២៣តោន មី ២០០កេស ជាមួយគ្នានោះ ឯកឧត្តមអ្នកតំណាងរាស្រ្តក៏បានឧបត្ថម្ភបន្ថែមនូវ អាវពោង ៥០០សម្រាប់ និងថវិកា ១០លានរៀល បន្ថែមទៀតផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមតំណាងរាស្រ្តក៏បានអញ្ជើញសំណេះសំណាល និងផ្តល់សំភារៈឧបត្ថម្ភរបស់សម្តេចប្រធានរដ្ឋសភា ជូនដល់កងកម្លាំងគ្រប់មុខព្រួញជុំវិញខេត្ត។ សំភារៈជូនកងកម្លាំងទាំង៤ប្រភេទរួមមាន៖ បញ្ជាការដ្ឋានការពារឆ្នេរ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់សឹករងខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក្នុងមួយអង្គភាពទទួលបាន អង្ករ ៣តោន ទឹកសុទ្ធ ៥០កេស និង ៥០០យួរ ព្រមទាំងថវិកា២លានរៀល។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានសារៈសំខាន់ជូនដល់រដ្ឋបាលខេត្ត និងជាពិសេសសូមថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំង៦រូប ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនៅតាមតំបន់ដែលជួបប្រទះទឹកជំនន់ និងបាននាំយកជំនួយជាបន្តបន្ទាប់ដែលបានមកពីសប្បុរសជននានាផ្តល់ជូនរដ្ឋបាលខេត្ត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភ អង្ករ និងមី ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តដែលរងគ្រោះ តាមរយៈអ្នកតំណាងរាស្រ្តក្នុងមណ្ឌលនិមួយៗ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ យើងខ្ញុំសូមគោរពថ្លែងនូវក្តីកត្តញ្ញូកត្តវេទីយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចប្រធានរដ្ឋសភា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរង នូវផលលំបាកពីគ្រោះធម្មជាតិ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram