ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស…
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ក្រុងតាខ្មៅ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ ចំនួន២០តោន និងថវិកាមួយចំនួន ពីសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន ប្រចាំកម្ពុជា និងក្រុមហ៊ុន ម៉ធាន គ្រុប តាមរយៈការកៀងគរ និងសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌នេះ បានធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាសភាពសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន នៅបញ្ជាការដ្ឋានកងអង្គរក្ស ទីក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមតំណាងសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន បានឱ្យដឹងថា ដោយមើលឃើញប្រទេសកម្ពុជា បច្ចុប្បន្ននេះ បាននឹងកំពុងរងគ្រោះមហន្តរាយដោយទឹកជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ដល់រាជធានី-ខេត្ត មួយចំនួន ដូច្នេះហើយ ក្នុងនាមជាសមាគមពាណិជ្ជកម្មចិន នៅក្នុងប្រទេសកម្ពុជា ប្រឹងប្រែងកៀងគរអំណោយ និងថវិកា ដើម្បីចូលរួមរំលែកនូវការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងរឹតចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងអំណរអរគុណសប្បុរសជនទាំងអស់ដែលជួយផ្តល់ជាថវិកា សម្ភារ: ស្បៀងអាហារជាដើម។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានសន្យាថានឹងយកអង្ករ ព្រមទាំងថវិកា ដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ដល់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ កម្លាំងប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋនៅពេលទឹកជន់ និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ និងមិនត្រូវឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយសារលង់ទឹក ឬដាច់បាយនោះទេ៕











