យុវជនមួយក្រុមនាំគ្នាចូលផឹកស៊ី មានជម្លោះគ្នាបន្តិច បន្តួចសោះ ស្រាប់តែភាគីម្ខាងទៀត ហុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល …

ភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ស្ថិតនៅតាមផ្លូវខាងក្រោយស្ថាន ទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់និងមិត្តភក្តិ ៣នាក់ទៀត បានចូលផឹកស៊ីក្នុងហាងយីហោ BM ជាមួយគ្នាយ៉ាងសប្បាយរីករាយ ខណៈផឹកបណ្ដើរឡើងរាំលេងកម្សាន្តបណ្ដើរ តែពេលនោះបែរជាមាន ភាគីម្ខាងទៀតមានគ្នា៤-៥នាក់ ដែលអង្គុយផឹកស៊ីនៅក្បែរសាឡុងអង្គុយរបស់ពួកខ្លួនដែរនោះ បានដើរមកប្រាប់ឈ្មោះនិត ថាបានរាំប៉ះក្បាលបុរសម្នាក់ជាភាគីម្ខាងទៀត ទើបឈ្មោះ ធារ៉ា បានចូលទៅសួរនាំ និងកាន់កែវស្រាដើរទៅ ជល់កែវជាមួយភាគីម្ខាងទៀតនោះដល់សាឡុងអង្គុយដើម្បីជាការសុំទោសជំនួសប្អូនរបស់ខ្លួនម្ដងហើយម្ដងទៀត។

លុះពេលឈ្មោះ ធារ៉ា ដើរទៅជល់កែវសុំទោសជាលើកទី៣ ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមគ្នា៤-៥នាក់នោះ បានដកបង់កាំភ្លើងខ្លីមក រួចដោះយកគ្រាប់កាំភ្លើងមួយគ្រាប់ ហុចមកឱ្យឈ្មោះ ធារ៉ា ហើយប្រាប់ថា “កាំភ្លើងគាត់មានគ្រាប់មួយបង់ពេញ តែឥឡូវបងឱ្យប្អូនឯងមួយគ្រាប់ទុកសិន បើសិនជាអូនឯងចង់មានរឿង ចាំបន្តិចទៀតចេញទៅក្រៅជួបបងក៏បាន”។ ឮដូច្នេះរូបគេក៏មានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ដើរត្រឡប់ទៅកន្លែងអង្គុយរបស់ខ្លួនវិញ ដោយបានប្រាប់ប្អូននិងមិត្តភក្តិឱ្យបានដឹងពីរឿងនេះផងដែរ រួចហើយពួកគេក៏នាំគ្នាគិតលុយចេញពីកន្លែងផឹកស៊ីនោះ ហើយជិះទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីបានដឹងពីរឿងនេះផងដែរ។

នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានជិះម៉ូតូទៅកន្លែងកើត ហេតុ ហើយភាគីរងគ្រោះបានរង់ចាំនៅកន្លែងចំណតផ្ញើម៉ូតូ ដើម្បីរង់ចាំមើលជនដែលហុចគ្រាប់កាំភ្លើងឱ្យរូបគេនោះ ។ ចំណែកឈ្មោះ និត ភ័យផងស្រពេចស្រពិលផង បានទៅចង្អុលបុរសម្នាក់ដែលជាភ្ញៀវ ទើបដើរចេញពីភោជនីយដ្ឋាននោះទៅកន្លែងផ្ញើរថយន្ត និងម៉ូតូ ហើយក្រុមសន្តិសុខក៏នាំបុរសម្នាក់នោះមកសួរបញ្ជាក់ដែរ ធ្វើឱ្យរឿងកាន់តែវែងឆ្ងាយថែម ទៀត ខណៈដែលបុរសម្នាក់នោះបានប្រាប់ថា ខ្លួនពុំមានពាក់ព័ន្ធរឿងអ្វីជាមួយឈ្មោះ និត នោះឡើយ គ្រាន់តែជាអ្នកអង្គុយជិតៗគ្នាប៉ុណ្ណោះ។

រីឯឈ្មោះ និត ក៏មិនប្រាកដចិត្តថាជាបុរសម្នាក់នោះមែនឬក៏មិនមែននោះទេ ទើបខាងសន្តិសុខបានសុំទោស និងឱ្យភ្ញៀវម្នាក់នោះត្រឡប់ទៅវិញបាត់ទៅ។ ដោយសារមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកភាគីម្ខាងទៀតដែលជាអ្នកឲ្យគ្រាប់កាំភ្លើងនោះមករូបខ្លួនផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram