ដុតសំរាមមិនប្រយ័ត្ន រាលឆេះដល់គំនរគ្រឿងបន្លាស់រថយន្តចាស់ៗ ផ្អើលសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ទាំងព្រឹក
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះគំនរគ្រឿងបន្លាស់រថយន្តចាស់ៗ នៅទីតាំងឃ្លាំងជួសជុលរថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០៖០៥នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសម្តេច ជា ស៊ីម ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករម្នាក់ ធ្វើការនៅក្នុងការាស់ជុសជុលរថយន្តមួយកន្លែង (មិនមានយីហោ) បានដុតសំរាម ហើយមិនបានប្រយ័ត្ន ទើបបណ្តាលឲ្យឆាបឆេះទៅដល់គំនរបន្លាស់រថយន្តចាស់ៗ ដែលយកទៅទុកនៅនោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ច ចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ។

មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ដោយសារកម្មករយកសំរាមទៅដុតមិនប្រយ័ត្ន។ សមត្ថកិច្ចបន្តថា រហូតមកដល់កន្លះម៉ោង ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿង ទើបអាចគ្រប់គ្រង់បានដោយស្ថាពរ។
ចំពោះការខូចខាតរួមមាន គ្រឿងបន្លាស់រថយន្ត និងសម្ភារៈចាស់ៗមួយចំនួនធំ តែសំណាងល្អ ក្នុងជុំវិញករណីអគ្គីភ័យនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ៕

