សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប៊ូស្រា ត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រោម(ព័ត៍មានបឋម)…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយការពារនៅចំនុចស្ពានអូរផ្លាយ ចាប់ពីយប់ថ្ងៃទី០៦ តុលា ២០២០នេះតទៅ ដោយស្ពាននេះរងនូវសភាពទ្រុឌទ្រោមជាខ្លាំង ខណៈសសរស្ពានមានស្នាមប្រះបែក ហើយនៅចំនុចក្បាលស្ពានទាំងសងខាងក៏មានស្នាមប្រះដែរ។


អាជ្ញាធរបានឲ្យដឹងថា សភាពស្ពានអូរផ្លាយស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលកំពង់រងការខូចខាតដោយជំនន់ទឹកភ្លៀងបន្ទាប់ពីចុះអង្កេតរួចរាល់ក្រុមការងារបានឃើញកំហូចដូចជា ១.បង្គោលស្ពានផ្នែកកណ្តាល បានបាក់ដាច់ហូរចេញដោយកំលាំងទឹកជំនន់ ២.ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណះប្រេះបែកដោយអន្លើរ។


បន្ទាប់ពីពិនិត្យឃើញដូច្នេះក្រុមការងារឯកភាព ផ្អាករថយន្តប្រភេទដឹកឬរថយន្តធុនធំធ្វើមធ្យោបាយដឹកជញ្ជូនជាកំហិត រង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន។ដោយឡែកម៉ូតូ រថយន្តខ្នាតតូច ឆ្លងកាត់ធម្មតាតែត្រូវឆ្លងម្តង១គ្រឿង។ហើយអាជ្ញាធរបានដាក់កំលាំងយាមនិងសញ្ញាហាមឃាត់បណ្តោះអាសន្នរហូតជួសជុលផ្លូវវាងរួចរាល់។


សូមបញ្ជាក់ថា ស្ពានអូរផ្លាញនេះគឺជាស្ពានដែកតែមួយគត់ដែលតភ្ជាប់ទីប្រជុំជនស្រុកពេជ្រាដា ទៅក្រុងសែនមនោរម្យ ដើម្បីជួយដល់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ ដឹកកសិផលនានាទៅលក់ ពោលវាគឺជាដង្ហើមដ៏សំខាន់មិនអាចខ្វះបាន។បើតាមអ្នកភូមិនិយាយថា ប្រសិនស្ពាននេះខូចពួកគាត់ពិតជាពិបាកខ្លាំងណាស់ ព្រោះផ្លូវវាងស្ពាន ត្រូវជិះឆ្លងកាត់ទឹកអូរផ្លាយប្រមាណ៥០ម៉ែត្រ ខណៈរដូវនេះមានភ្លៀងធ្លាក់ច្រើនគឺមិនអាចឆ្លងទឹកធំបានទេ។បើរដូវប្រាំងពួកគាត់មិនបារម្ភទេទឹកមិនសូវច្រើនអាចជិះម៉ូតូ ជិះឡានឆ្លងបានយ៉ាងងាយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram