កម្ពុជានាំចេញទំនិញទៅអាមេរិកជាង ១.៦ពាន់លានដុល្លារ កើនឡើងជាង២៥% ក្នុងរយៈពេល២ខែដើមឆ្នាំនេះ …

(ភ្នំពេញ)៖ រយៈពេល២ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ កើនឡើង ២៥.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានត្រឹមតែ ១.២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន។

តាមរបាយការណ៍នេះបានបញ្ជាក់ផងដែរថា ចាប់ពីខែមករា ដល់ខែខែកុម្ភៈ ឆ្នាំ២០២៥នេះ ការដោះដូរចេញទំនិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន១.៦៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ១.៦២ពាន់លានដុល្លារ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកមកវិញមានចំនួន ៤៨លានដុល្លារ កើនឡើងជាង៣៤ភាគរយ។

ចំពោះការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បានបញ្ជាក់ពីភាពល្អប្រសើរនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរ ហើយតាមរយៈតួលេខនាំចេញនេះ អាមេរិកក្លាយជាទីផ្សារនាំចេញជាទីផ្សារលំដាប់ទី១ សម្រាប់ម្ពុជា។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងកម្មវិធី Fresh Business កាលពីពេលថ្មីៗនេះថា ការកើនឡើងនៃការនាំចេញទៅទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនេះ បានបង្ហាញពីស្នាដៃ និងសមត្ថភាពនៃផលិតទំនិញរបស់កម្ពុជា ដែលបានធ្វើឱ្យទីផ្សារពិភពលោកទទួលស្គាល់ នូវទំនិញរបស់កម្ពុជា ព្រោះការនាំចេញទំនិញសំខាន់ៗ ដូចជាសម្លៀកបំពាក់ គ្រឿងបង្គុំ គ្រឿងបន្លាស់ជាដើម គឺសុទ្ធតែបង់ពន្ធ ពោលគឺកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមិនមែន មិនបង់ពន្ធនោះទេ ហើយតាមរយៈនេះកម្ពុជានឹងបន្តច្បាមយកទីផ្សារនេះ។

លោកបន្ថែមថា បើទោះបីជាកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក ច្រើនជាងអាមេរិកនាំចូលមកវិញក៏ដោយ ប៉ុន្តែកម្ពុជាអាចនឹងមិនមែនជាមុខសញ្ញានៃការដំឡើងពន្ធរបស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មីនោះទេ ដោយសារកម្ពុជាស្ថិតប្រទេសកំពុងអភិវឌ្ឍន៍៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram