សមត្ថកិច្ចចាប់ម្ចាស់ស្រះចិញ្ចឹមត្រីម្នាក់ដាក់ខ្នោះ បន្ទាប់ពីរាយខ្សែភ្លើងបណ្តាលអោយឆក់ចោរចូលទៅលួចត្រីម្នាក់ស្លាប់…

(ខេត្តពោធិ៍សាត់) ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងក្រោយពីប្រទះឃើញសាកសព កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ។


ជនរងគ្រោះ ឈ្មោះ លី សុភា អាយុ២៨ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំខាងលើ។ ចំណែកម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា។
តាមការរៀបរាប់របស់ស្រ្តីឈ្មោះហឿន សារុំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្ដីគាត់បានបាត់ចេញពីផ្ទះរយៈពេល២យប់មកហើយ លុះមកដល់ថ្ងៃទី២៣ម្សិលមិញនេះ ស្រាប់តែសមត្ថកិច្ច បានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់មាត់ស្រះចិញ្ចឹមត្រីខាងលើ។


ក្រោយពេលកើតហេតុ តាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសខេត្ត បានសន្និដ្ឋានថាសាកសពបានស្លាប់លើសពី១០ម៉ោងទៅហើយ សាកសពមានស្ពាយត្រីលើស្មា នៅលើទ្រូងដោះខាងស្តាំស្មើ ៦ សង់ទីម៉ែត្រ មានស្នាមរលាត់ឆេះ ទំហំ ៤ cm× ១ cm ស្មាខាងឆ្វេងស្នាមឆូត ១១cm រលាត់ស្បែក និងស្នាមជាំករ ស្តាំរលាត់ទាក់វល្លិ៍ មេដៃស្តាំ ប្រអប់ដៃស្តាំម្រាមទាំងប្រាំ មានស្នាមរលាកកាត់ទទឹង ប្រដាប់ភេទរបស់ជនរងគ្រោះមានទឹកកាម។


សមត្ថកិច្ចជំនាញបានសន្មត់ថា សាកសពបានធ្វើសកម្មភាពលួចត្រីចិញ្ចឹមក្នុងស្រះ ហើយបរិវេណនៃស្រះមានចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ។
តែទោះបីយ៉ាងនេះក៏ដោយ ក៏ម្ចាស់ស្រះចិញ្ចឹមត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ នៅវេលាម៉ោង១៣និង៣២ នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram