ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន៧មករា

 (ភ្នំពេញ)៖ នៅក្នុងបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានចែករំលែកអំពីប្រវត្តិកកើត នៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលបានក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ​។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ទៅលើការបន្តបេសកកម្មនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្តពីអាណត្តិមុនៗ ដោយបានលើកឡើងថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅនៅតែបន្តធ្វើតាមរយៈការសម្រួចមុំ»។

ក្នុងនោះ លោកបានចែករំលែកការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​ សម្រាប់នីតិកាលទី៧ ដោយបញ្ជាក់ថា «ទោះបីជាយើងសម្រេចការងារជាច្រើនមកហើយក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើបន្ត ដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល កាត់បន្ថយការិយាធិបតេយ្យ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងឆន្ទៈម្ចាស់ការ មានសង្គតិភាព និងសមធម៌ ក្នុងសមត្ថភាពប្រកួតប្រជែងជាគុណភាពសាកល»។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់កំណែទម្រង់វិស័យមុខងារសាធារណៈ ជាកូនសោរគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលអាចនិយាយបានថាជាការធ្វើបច្ចុប្បន្នភាពនៃការបន្តពង្រឹងបន្ថែមទៀតឲ្យកាន់តែមុតស្រួច លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួតត្រាយផ្លូវហើយ។ ការងារកែទម្រង់នេះ មិនមែនជាអ្វីដែលថ្មីនោះទេ វាជាដំណើរការនៃការបន្តការងារ និងឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញប្រមាណជាង២ទស្សវត្សរ៍មកហើយ។

សូមជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ វគ្គទី១៣ មានការអញ្ជើញចូលរួមសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៥រូប (ស្រី១៥រូប)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram