ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដា ដាក់ទណ្ឌកម្មថ្មីសំដៅលើយោធាមីយ៉ាន់ម៉ា…

(ឡុងដ៍)៖ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដា នៅថ្ងៃអង្គារសប្តាហ៍នេះបានសម្រេចដាក់ទណ្ឌកម្មថ្មី ទៅលើយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការវាយប្រហារតាមអាកាសលើជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងកាណាដាដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ទៅលើអង្គភាពចំនួនប្រាំមួយដែលជាប់ពាក់ព័ន្ធ នឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រឿងបន្លាស់យន្តហោះទៅឱ្យយោធាមីយ៉ាន់ម៉ា។ ទណ្ឌកម្មនេះរួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការជួញដូរហិរញ្ញវត្ថុ។
រដ្ឋមន្រ្តីអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Catherine West បានថ្កោលទោស ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឱ្យរបបយោធាបញ្ឈប់ការវាយប្រហារទៅលើជនស៊ីវិល។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះសង្រ្គាមស៊ីវិលរវាងរបបយោធា និងក្រុមប្រឆាំង ចាប់តាំងពីរដ្ឋប្រហារ ក្នុងឆ្នាំ២០២១។ ចក្រភពអង់គ្លេស បានចោទប្រកាន់របបយោធា ពីបទប្រើប្រាស់ «យុទ្ធសាស្រ្តឃោរឃៅ» ដើម្បីរក្សាអំណាច និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅក្នុងការវាយប្រហារតាមអាកាស៕
