រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់អ៉ីស្រាអែល ដើម្បីព្យាយាមស្តារកិច្ចពិភាក្សាបទឈប់បាញ់ ឡើងវិញ

(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរមកដល់អ៉ីស្រាអែល ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ខណៈវាជាផ្នែក នៃដំណើរទស្សនកិច្ចមកកាន់តំបន់មជ្ឈិមបូព៌ាសាជាថ្មី ដើម្បីព្យាយាមជំរុញ​ម្តងទៀតនូវបទឈប់បាញ់ សម្រាប់ជម្លោះអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

វាជាការបំពេញទស្សនកិច្ចលើកទី១១ហើយ របស់លោកប្រមុខការទូតអាមេរិក មកកាន់មជ្ឈិមបូព៌ា គិតចាប់តាំងពីអ៉ីស្រាអែល បានធ្វើសង្រ្គាម​នៅតំបន់ហ្កាហ្សា ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយចំពេលដែលយោធាអ៉ីស្រាអែល បាននិងកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ទាំងនៅហ្កាហ្សា និងទាំងនៅឯប្រទេសលីបង់ ប្រឆាំងក្រុមហេសបូឡា។ លោក Blinken នឹងត្រូវជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu, រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងក្រុមមន្រ្តីអ៉ីស្រាអែលដទៃទៀត។ លោក Blinken នឹងចំណាយពេលប្រហែល១សប្តាហ៍ បំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលរួមមានទៅកាន់ប្រទេសហ៊្សកដានី និងកាតា ផងដែរ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កិច្ចប្រឹងប្រែងតាមរយៈមធ្យោបាយការទូត បានបរាជ័យក្នុងការសម្រេចឱ្យបាន នូវទីបញ្ចប់សម្រាប់សង្រ្គាមជាង១ឆ្នាំ នៅតំបន់ហ្កាហ្សា ហើយជម្លោះបានរីករាលដាលថែមទៀត រវាងអ៉ីស្រាអែល និងហេសបូឡា ដែលបានកើនឡើងកម្តៅយ៉ាងក្តៅគគុក អំឡុងពេលប្រមាណជា១ខែចុងក្រោយនេះ បន្ទាប់ពីភាគីទាំងពីរ បានបាញ់ផ្លោងឆ្លងព្រំដែន ដាក់គ្នាទៅវិញទៅមកសឹងរៀងរាល់ថ្ងៃ អស់រយៈពេលជិត១ឆ្នាំ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram