រុស្ស៉ី បន្ទោសកូរ៉េខាងត្បូង ជុំវិញភាពតានតឹងជាមួយកូរ៉េខាងជើង និងជំរុញឱ្យប្រើប្រាស់មធ្យោបាយការទូត

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានចោទប្រកាន់កូរ៉េខាងត្បូង ថាជាអ្នកជំរុញឱ្យមានភាពតានតឹងជាមួយកូរ៉េខាងជើង ហើយអំពាវនាវឱ្យមានការដោះស្រាយគ្នា តាមមធ្យោបាយការទូត ក្នុងការស្តារភាពស្ងប់ស្ងាត់ និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ ២០២៤។

ថ្មីៗនេះ កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានត្រៀមលក្ខណៈដើម្បីបំផ្ទុះផ្លូវ សម្រាប់ឆ្លងកាត់ព្រំដែនដែលមានការយាមកាមតឹងរ៉ឹង បន្ទាប់ពីកូរ៉េខាងជើង ចោទប្រកាន់កូរ៉េខាងត្បូងថា បានបញ្ជូនយន្តហោះដ្រូនចូលមក ឆ្លងកាត់រដ្ឋធានីព្យុងយ៉ាង។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova គូសបញ្ជាក់ថា «ទង្វើនោះ គឺជាការរំលោភបំពានលើអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង ជាមួយនិងគោលបំណងបំផ្លាញច្បាប់ និងក្របខ័ណ្ឌនយោបាយ»។ លោកស្រី Zakharova បន្ថែមថា «ការធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ គឺអាចធ្វើទៅបានតាមរយៈដំណោះស្រាយនយោបាយ ដោយឈរលើមូលដ្ឋានសន្តិសុខ គ្មានការបែងចែក»

គួរបញ្ជាក់ថា រុស្ស៉ី មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាង​ជើង ទាំងវិស័យការទូត និង​យោធា ចាប់​តាំង​ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន កាលពី​ឆ្នាំ ២០២២។ ជាក់ស្តែង ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram