ប្រធានាធិបតីអ៊ុយក្រែន ហាក់ទទួលស្គាល់ថា ទីក្រុង Bakhmut ពិតជាបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រុស្ស៉ីទាំងស្រុង …

(ហ៉ីរ៉ូស៉ីម៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យនេះ ហាក់បានទទួលស្គាល់ចំពោះការបាត់បង់ទីក្រុង បាកមូត (Bakhmut) ទៅក្នុងដៃរុស្ស៉ី នៅពេលលោកត្រូវបានសាកសួរថា តើវាកំពុងបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវដដែល ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។
នៅពេលត្រូវបានគេសួរថា តើកងកម្លាំងអ៊ុយក្រែនកំពុងតែបន្តព្យាយាមទប់ទល់នៅបាកមូត ឬមួយរុស្ស៉ីដណ្តើមគ្រប់គ្រងទីក្រុងភាគខាងកើតមួយនេះ បានសម្រេចទាំងស្រុងឬយ៉ាងណាហើយនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបយ៉ាងដូច្នេះថា «វាគឺជារឿងគួរឱ្យខ្លោចផ្សា។ ពុំមានអ្វីសេសសល់នៅទីនោះទៀតទេ។ នាពេលនេះ ទីក្រុងបាកមូត មានតែនៅក្នុងបេះដូងយើងប៉ុណ្ណោះ»។ លោក ហ្សេលេនស្គី កំពុងស្ថិតនៅទីក្រុងហ៉ីរ៉ូស៉ីម៉ានៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។
គួរបញ្ជាក់ថា ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានអះអាងពីការគ្រប់គ្រងបានទាំងស្រុងលើទីក្រុងបាកមូត កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងរបស់លោក ទីបំផុតបានវាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងចុងក្រោយនៅក្នុងទីក្រុងនេះ។ ប្រសិនបើពិតមែននោះ វានឹងជាការបិទបញ្ចប់សមរភូមិដ៏អូសបន្លាយ និងបង្ហូរឈាមខ្លាំងបំផុតនៃសង្រ្គាមអ៊ុយក្រែន ដ្បិតក្រុម Wagner បានដឹកនាំកិច្ចប្រឹងប្រែងព្យាយាមវាយយកទីក្រុងនេះ តាំងតែពីកំលុងរដូវក្តៅឆ្នាំមុនមកម្ល៉េះ៕






Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram