រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តបេសកកម្មចុះពិនិត្យការបម្រើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ….

(កំពង់ស្ពឺ)៖ ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសេវាកម្មល្អ និងមានប្រសិទ្ធភាពខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តបេបំពេញកាតព្វកិច្ចការងារយ៉ាងសស្រាក់សស្រាំ បន្តចុះមកពិនិត្យការបម្រើសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលខេត្តកំពង់ស្ពឺ រួមមាន មណ្ឌលសុខភាពត្រពាំងគង មន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ក៏បានជួបសំណេះសំណាល និងណែនាំពីការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋផងដែរ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងាជំនាញនៃប្រតិភូសុខាភិបាល ក៏បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំងការទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខារ និងអនាម័យតាមគ្រប់ទៅតាមតាំង រួមទាំងបង្គន់អនាម័យសម្រាប់បុគ្គលិក និងអ្នកជំងឺ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ។
ក្នុងឳកាសសំណេះសំណាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចុះមកពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាថែទាំព្យាបាលអ្នកជំងឺ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។
បន្ទាប់ពីបញ្ចប់ការសំណេះសំណាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងខេត្តកំពង់ស្ពឺ មុនបន្តដំណើរចុះបេសកកម្មនៅខេត្តព្រះសីហនុ ទាំងយប់។
ក្នុងឳកាសនោះ ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត ហុក គ្រី និងមន្ត្រីបុគ្គលិក រួមទាំងអ្នកជំងឺ និងគ្រួសារអ្នកជំងឺ បង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងក្តីរំភើបជាខ្លាំង ដែលទទួលបានជួបអនុសាសន៍ណែនាំដោយផ្ទាល់ ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា។
សូមជម្រាបថា ដំណើរបេសកកម្មចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានសុខាភិបាលនេះ មិនមែនជាលើកដំបូងនោះទេ ហើយសម្រាប់បេសកកម្មនេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ និងក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្តបៃលិន។ សម្រាប់បេសកកម្មនេះ ជាបេសកកម្មចុះតាមបណ្តាខេត្តចុងក្រោយនៃបេសកកម្មរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ក្នុងរយៈពេលមួយឆ្នាំ ក្នុងអាណត្តិទី៧៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram