ក្រុមហ៊ុន ហ្វឺម 614 ឯ.ក និងក្រុមហ៊ុន RGB (Macau) Limited ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាដើម្បីលើកកម្ពស់ និងធានាបាននូវប្រសិទ្ធភាពនៃការនាំចូល លក់ និងចែកចា យឧបករណ៍ និង/ឬ កម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ …

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺម 614 ឯ.ក នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងអាជីវកម្ម (BUSINESS AGREEMENT) ជាមួយក្រុមហ៊ុន RGB (Macau) Limited ដើម្បីលើកកម្ពស់ និងធានាបាននូវប្រសិទ្ធភាពនៃការនាំចូល លក់ និងចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ដែលមានគុណភាព ស្តង់ដារ និងការទទួលស្គាល់បច្ចេកទេសល្បែងត្រឹមត្រូវជូនប្រតិបត្តិករល្បែងពាណិជ្ជកម្មដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)។
កម្មវិធីនេះមានការចូលរួមជាអធិបតីពីលោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. អមដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហ្វឺម 614 ឯ.ក អគារលេខ ៦១៤ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាក្រុមហ៊ុនទទួលបានការទទួលស្គាល់ និងចុះបញ្ជីដោយ គ.ល.ក. ក្នុងការផ្តល់សេវាពិគ្រោះយោបល់ និងរៀបចំឯកសារគ្រប់ប្រភេទពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម និងនាំចូល លក់ និងចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ តាមរយៈលិខិតលេខ ២០០៨/២៣ អ.គ.ល.ក. ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមហ៊ុន RGB (Macau) Limited ជាក្រុមហ៊ុនឈានមុខនៃការផ្គត់ផ្គង់ឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទនៅតំបន់អាស៊ី និងមានបទពិសោធន៍ក្នុងវិស័យល្បែងលើសពី ៣០ឆ្នាំ៕

