ប្រធានមន្ទីរឧស្សាហកម្មខេត្តកែបទុកពេល៣ថ្ងៃឲ្យលោក សឹង ជុំ ស្តារដី ចាក់លប់ស្រែអំបិលឡើងវិញ បើពុំនោះនឹងកសាងសំណុំរឿងទៅតុលាការ…
ខេត្តកែប ៖ លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានចេញលិខិតមួយច្បាប់ជម្រាបជូនលោក សឹង ជុំ ជាអាជីវករជីកដី ដែលមានកម្មវត្ថុស្នើឲ្យមានការស្តារស្រែអំបិលដែលបានចាក់លប់ឲ្យមានសភាពដូចដើមវិញ។ ការចេញលិខិតនេះបន្ទាប់ពីមានការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, គំនូសប្លង់បង្ហាញពីទីតាំងព្រំដីស្រែអំបិល ប៊ុន បារាំង ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប, កំណត់ហេតុចុះត្រួតពិនិត្យការចាក់លប់ស្រែអំបិលរបស់លោក ប៊ុន បារាំង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

បើយោងតាមលិខិតលេខ ២០៨ ឧវបន.ខក/២០២១ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប ជម្រាបជូនលោក សឹង ជុំ ដែលអង្គភាព “ភ្នំពេញដេលី” ទទួលបានមានខ្លឹមសារថា ក្រោយពីក្រុមការងារជំនាញរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរ ឃុំ ភូមិ បានចុះពិនិត្យលើទីតាំងដែលលោកបានចាក់ដីស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ផ្អែកតាមគំនូសប្លង់បង្ហាញទីតាំងព្រំដីស្រែអំបិល ប៊ុន បារាំង ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឃើញថា ការចាក់ដីរបស់លោកបានរំលោភចាក់ចូលក្នុងដីស្រែអំបិលត្រង់ចំណុចនិយាមកាស្រែបណ្តុះលេខ៨( X431526 , Y 1158080 ) និងលេខ៩( X431385 , Y 1158054 ) ដែលមានទំហំសរុបប្រមាណ១,២៤០ម៉ែត្រការ៉េ (មួយពាន់ពីររយសែសិបម៉ែត្រការ៉េ)។

ទន្ទឹមនេះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានស្នើឲ្យមានការស្តារដីដែលបានចាក់លុបចូលក្នុងស្រែអំបិលតាមទំហំខាងលើ ឲ្យដូចស្ថានភាពដើមវិញក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ) ក្នុងករណីមិនព្រមអនុវត្តតាមការកំណត់ទេនោះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងអនុវត្តនីតិវិធីច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយថា មានការចាក់ដីលប់ព្រែកដែលជាប្រព័ន្ធបង្ហូរទឹកប្រៃ និងប្រឡាយទឹកសាប នៅចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនោះ លោកស្រី គីម ចនី្ន អភិបាលស្រុកដំណាក់ចង្អើរ និងមន្ត្រីជំជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប ក៏បានចុះដល់ទីតាំង និងពិនិត្យឃើញថា ពិតជាមានការចាក់ដីលប់ប្រព័ន្ធព្រែកបង្ហូរទឹកប្រៃ និងប្រឡាយទឹកសាប ពីសំណាក់លោក យស ចាន់រ៉ាវុធ ប្រធានការិយាល័យសុរិយោដីស្រុកដំណាក់ចង្អើរ ដែលការចាក់នេះបើតាមលោកស្រី គីម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា មិនមានច្បាប់អនុញ្ញាតឡើយ។
ជុំវិញករណីនេះដែរ មានការលើកឡើងថា លោក សយ ចាន់រ៉ាវុធ ធ្វើដល់ជាមន្ត្រីអនុវត្តន៍ច្បាប់ហើយ បែរជាមកបំពានច្បាប់ ហើយប្រើល្បិចត្រីងៀតឆ្លៀតពង ខណៈថ្នាក់ដឹកនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កំពុងតែមមាញឹកបំពេញការងារក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្រោមលេសចុះបញ្ជីជាប្រព័ន្ធ និងបើកផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋដែលមានដីខាងក្រោយមានផ្លូវចេញ-ចូល ប៉ុន្តែធាតុពិតគឺ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះថា លោក សយ ចាន់រ៉ាវុធ មានដីនៅទីនោះ ដូច្នេះហើយទើបលោកប្រើអំណាចតួនាទីជាប្រធានការិយាល័យសុរិយោដីស្រុក ធ្វើការចាក់លប់បំពានទាំងមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំ ស្រុក ឬមន្ទីរជំនាញពាក់ព័ន្ធសូម្បីបន្តិចណាសោះ៕



