ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមគោបាបង្កាត់ពូជបាន១០០ដុល្លារ តែពេលនេះមានការថមថយ…

រាជធានីភ្នំពេញ ៖ ការប្រកបមុខរបរចិញ្ចឹមគោពូជនិងគោបា សម្រាប់លក់និងបង្កាត់កូននៅពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះដោយសារតែប្រជាកសិករមួយចំនួនមានជីវភាពកាន់តែប្រសើរឡើង ហើយបានបោះបង់ការចិញ្ចឹមគោធ្វើជាសត្វពាហនៈមកប្រកបមុខរបរផ្សេងៗដែលងាយស្រួលវិញ ។

ដោយសារតែការផ្លាស់ប្តូរឥរិយាបថរបស់កសិករបានធ្វើឱ្យសេវាបន្តពូជបង្កាត់យកកូនបានធ្លាក់ចុះ ហើយគោបាស្ទើរតែរកមេពាក់មិនបាន ។
ម្ចាស់គោបាននិយាយថា ពេលនៅមានហាងឆេងខ្ពស់ គឺពាក់មេម្តងៗមានតម្លៃ១០០ដុល្លារ ។ នេះបើតាមការឱ្យដឹងពីអ្នកចិញ្ចឹមគោបាបង្កាត់ពូជ ដែលបានត្អូញត្អែរប្រាប់ដល់អ្នកយកព័ត៌មានកោះសន្តិភាព ។

លោកជុំ រឿន (ហៅតារឿនបាក់ខែង)អាយុ៧០ឆ្នាំ ជាម្ចាស់គោបារ៉ូយ៉ាល់ ដែលប្រកបមុខរបរចិញ្ចឹមគោមេពូជនិងគោបាសម្រាប់បង្កាត់ពូជរស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានឱ្យដឹងថា គាត់បានប្រកបមុខរបរធ្វើកសិកម្ម ។
ឯការចិញ្ចឹមគោពូជនិងគោបាសម្រាប់បង្កាត់ក៏មានតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។ គាត់ថា បច្ចុប្បន្នគាត់មានគោពូជចំនួន៤០ក្បាល ក្នុងនោះ មានគោមេពូជចំនួន២០ក្បាល កូនគោចំនួន១៩ក្បាល និងគោបាមួយក្បាលសម្រាប់បម្រើសេវា ដាក់មេបង្កាត់ពូជ ដែលគោបាមួយក្បាលនេះមានតម្លៃប្រមាណ២ម៉ឺនដុល្លារ តែគាត់មិនលក់ទេ ។


លោក ជុំ រឿន បានឱ្យដឹងទៀតថា ការរកស៊ីចិញ្ចឹមគោពូជនិងគោបា ឥឡូវបានធ្លាក់ចុះព្រោះមិនសូវសំបូរអតិថិជនមកទិញ និងយកមេមកជួលឱ្យពាក់នោះទេ ដោយសារតែបច្ចុប្បន្ន មិនស្រូវមានអ្នកចិញ្ចឹមគោទេ ដោយកសិករយើងមួយចំនួនមានជីវភាពធូរធាក៏បានប្តូរមុខរបរលែងចិញ្ចឹមគោ ។ ម្យ៉ាងទៀត វាមានបញ្ហាជំងឺកូវីដ១៩កំពុងតែរាតត្បាតទៀត ។គាត់រៀបរាប់ថា កន្លងមកការចិញ្ចឹមគោបាកាក់កបណាស់ដោយគាត់មានគោបាចំនួន៣ទៅ៤ក្បាលដើម្បីទុកបង្កាត់ពូជ ដោយក្នុងមួយថ្ងៃៗមានប្រជាកសិករ បានយកមេគោមកជួលបង្កាត់ពូជមិនតិចជាង២០ក្បាលនោះទេ ដោយពាក់មួយដងៗបានតម្លៃ៥០ដុល្លារគឺធ្លាក់ថ្លៃហើយ ។


ឥឡូវនេះ មិនសូវមានមេគោយកមកបង្កាត់នោះទេ ដោយគេលែងសូវចិញ្ចឹមគោហើយ ដែលពេលនេះក្នុងមួយខែមានមេពូជយកមកជួលបង្កាត់ប្រមាណ១៥ទៅ២០ក្បាលតែប៉ុណ្ណោះ ដែលពាក់ម្តងបានតម្លៃ១០០ដុល្លារ ។ ដោយឡែកចំណែកគោមេពូជវិញ លក់បានមួយក្បាលតម្លៃប្រមាណ៥ពាន់ទៅ៨ពាន់ឬមួយម៉ឺនដុល្លារក៏មានដែរទៅតាមប្រភេទគោល្អ ។ម្ចាស់គោបារូបនោះបានបញ្ជាក់ឱ្យដឹងទៀតថា គោរបស់គាត់មានពូជអុីតាលី ប្រាមាន់ កុងហ្គោជាដើម ។ ចំណែកគោបាសុទ្ធតែមានឈ្មោះរបស់វា ដូចជាឈ្មោះ រ៉ូយ៉ាល អូដ្ឋ ប្រុសស្អាត ក្រៃថោង អាទិត្យវង្សា ចៅច័ន្ទកុមារ អាកណ្តូបជាដើម ។ ការដាក់ឈ្មោះនេះទៅតាមរូបរាងរបស់វា ។

លោក ជុំ រឿន ក៏បានឱ្យដឹងទៀតថា ទោះបីការចិញ្ចឹមគោមានការធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏អាជីវកម្មចិញ្ចឹមគោបាសម្រាប់បង្កាត់ពូជរបស់គាត់មិនធ្លាក់ចុះនោះទេ ដោយសារតែគោពូជរបស់គាត់លក់បានថ្លៃហើយសេវាបង្កាត់ពូជបានថ្លៃទៀត ។ ក្រៅពីចិញ្ចឹមគោគាត់និងក្រុមគ្រួសារក៏បានធ្វើចំការដាំដំណាំត្រឡាច ត្រប់ ពោត និងឪឡឹកផងដែរគ្រាន់បានប្រាក់មកផ្គត់ផ្គង់ជីវភាពបាន១កម្រិតដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram