ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» បង្ហាញអំពីសុឆន្ទៈរបស់រដ្ឋាភិបាលចំពោះការចូលរួមអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី ….

(ភ្នំពេញ)៖ ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ បានបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត អនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី។
ការលើកឡើងបែបនេះរបស់ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។
នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃដើម្បីយកទៅដាំនៅតាម ទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេសនៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាងនេះទៅទៀតការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត អនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី»។
ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានជំនឿជាក់យ៉ាងមុតមាំថាពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤» គឺជាឱកាសដ៏ល្អសម្រាប់ឱ្យយើងទាំងអស់គ្នាស្វែងយល់បន្ថែមអំពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រៃឈើធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់សម្រាប់ការរក្សាលំនឹងបរិស្ថានការធ្វើនិយ័តកម្មអាកាសធាតុ និងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
«ខ្ញុំក៏មានសុទិដ្ឋិនិយមចំពោះ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាននាពេលថ្មីៗនេះ នឹងទទួលបានជោគជ័យ ដូចការគ្រោងទុក»។ ជាការគូសបញ្ជាក់បន្ថែមរបស់ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំពិធីដ៏ធំនេះឡើងរយៈពេល ៣ថ្ងៃ នៅមុខទីស្តីការក្រសួងផ្ទាល់ ដែលមានការចូលរួមតាំងពិព័រណ៍កូនឈើ និងបង្ហាញថ្នាលបណ្តុះកូនឈើគំរូពីមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ប្រភេទនានានៃកេសរកូលព្រៃកម្ពុជា និងប្រភេទពូជបង្កាត់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននិងបណ្តាញអ្នកស្រលាញ់កេសរកូល រូបភាពស្អាតៗនិងពិសេសៗ ពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា ផលិតផលចម្រុះពីបណ្តាញភូមិ១ផលិតផល១ ផលិតផលចេញ ពីជីវៈចម្រុះរបស់សហគមន៍តំបន់ការពារធម្មជាតិ និងសមិទ្ធផលក៏ដូចសកម្មភាពការងាររបស់អគ្គនាយកដ្ឋានទាំង៦ ចំណុះក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជនសមាគមន៍អេកូទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតជាង ១៦០ស្តង់។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា មានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៣,៦៥៤ដើមដែលបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត និងអង្គការដៃគូមួយចំនួនបានចូលរួមចំណែកផ្តល់កូនឈើចំនួន ៧,០០០ដើម សហគ្រាសឯកជន ចំនួន ៣០០០ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៦៥៤ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅដែលបានស្នើសុំមកក្រសួង និងមន្ទីរបរិស្ថានកន្លងមក និងស្នើសុំផ្ទាល់ក្នុងអំឡុងពេលពិព័រណ៍នេះដែលចែកជា ៤ប្រភេទសំខាន់ៗ រួមមានឈើប្រណិត (១១ប្រភេទ) ឈើហូបផ្លែ(១៣ប្រភេទ) កូនឈើព្រៃលិចទឹក(១ប្រភេទ) និងកូនឈើលម្អ (១៧ប្រភេទ)។
សូមជម្រាបផងដែរថា ក្រសួងបរិស្ថាននឹងបន្តបណ្តុះកូនឈើសម្រាប់ការចែកចាយជារៀងរាល់ឆ្នាំតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តមណ្ឌលគិរី និងថ្នាលបណ្តុះខ្នាតតូចតាមមន្ទីរបរិស្ថានខេត្តនីមួយៗ៕












