ទីបំផុតរដ្ឋាភិបាល និងបក្សប្រឆាំងអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបញ្ជៀសវិបត្តិបំណុលសាធារណៈ ….

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់ «កិច្ចព្រមព្រៀងជាគោលការណ៍» ក្នុងការដំឡើងពិដានបំណុលសាធារណៈរបស់ប្រទេស (បំណុលអតិបរិមា) និងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសគ្រោះមហន្តរាយអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣។
លោក McCarthy ដែលជាប្រធានសភាមកពីបក្សសាធារណៈរដ្ឋ ដែលបានទាមទារឱ្យការកាត់បន្ថយការចំណាយរបស់សហព័ន្ធ បាននិយាយថា ប្រធានាធិបតីគណៈបក្សប្រជាធិបតេយ្យ និងរូបលោកបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ បន្ទាប់ពីអ្នកទាំងពីរបាននិយាយគ្នាកាលពីយប់ថ្ងៃសៅរ៍តាមទូរសព្ទ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា «កិច្ចព្រមព្រៀងជាគោលការណ៍នេះ គឺជាការសម្របសម្រួលគ្នា ដែលមានន័យថា គ្រប់គ្នាមិនទទួលបានអ្វីដែលពួកគេចង់បាននោះទេ»។ លោកបានគូសបញ្ជាក់ថា «នេះគឺជាការទទួលខុសត្រូវរបស់អាជ្ញាកណ្តាល»។
ទោះជាយ៉ាងណាខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ គេមិនទាន់ដឹងលំអិតនៅឡើយទេ។ ប្រភពស្និតនឹងបញ្ហានេះបានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងដំឡើងកម្រិតពិដានបំណុលសាធារណៈ (បំណុលអតិបរិមា) រយៈពេលពីរឆ្នាំ រហូតដល់ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ទៅទៀត ហើយស្របពេលជាមួយគ្នា រដ្ឋាភិបាលក៏ត្រូវកាត់បន្ថយការចំណាយសាធារណៈផងដែរ តែមិនមែនក្នុងកម្រិតដែលគណបក្សសាធារណៈរដ្ឋទាមទារនោះទេ។
ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy គ្រោងនឹងជួបពិភាក្សាគ្នាបន្ថែមទៀតនៅថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលសម្រេចបានជាគោលការណ៍នេះ សម្រាប់ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាអនុម័តឱ្យបានមុនថ្ងៃទី៥ ខែមិថុនា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram