ក្រុមសម្ងាត់អ៊ុយក្រែន ប្រើដ្រូនអត្តឃាតប៉ុនប៉ងសម្លាប់លោក ពូទីន …

(បែរឡាំង)៖ សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍អំពីកងកម្លាំងសម្ងាត់របស់អ៊ុយក្រែនដែលប្រើដ្រូន អត្តឃាតមួយក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំរុស្ស៊ី។ ការប៉ុនប៉ងសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន នេះត្រូវបានកាសែតរាយការណ៍ថា បានធ្វើកាលពីថ្ងៃអាទិត្យទី២៣មេសាកន្លងមកនេះ ប៉ុន្តែ បេសកកម្មនោះមិនបានទទួលជោគជ័យឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា អ៊ុយក្រែនបានព្យាយាមធ្វើឃាតលោកមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើដ្រូនផ្ទុកគ្រឿងផ្ទុះ ប៉ុន្តែដ្រូននោះបានធ្លាក់ក្នុងចម្ងាយច្រើន គីឡូម៉ែត្រពីទីកន្លែង ឧស្សាហកម្មមួយក្បែរក្រុងម៉ូស្គូ ដែលនៅពេលនោះ លោក ពូទីន មានគម្រោងធ្វើដំណើរទស្សនកិច្ច។
ក្រុមភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន ត្រូវកាសែតក្នុងស្រុករបស់អាល្លឺម៉ង់បញ្ជាក់ថា បានព្យាយាមធ្វើឃាតលើរូបលោក ពូទីន ដោយការប្រើដ្រូនអត្តឃាត ប៉ុន្តែគំរោងនោះត្រូវបានបរាជ័យ បន្ទាប់ពីដ្រូនបានធ្លាក់នៅតែចម្ងាយជិត២០គីឡូម៉ែត្រពីចំណុចគោលដៅវាយប្រហារ។ យោងតាមកាសែតអាល្លឺម៉ង់ Bild, ដ្រូនអត្តឃាតរបស់កងកម្លាំងសម្ងាត់អ៊ុយក្រែនដែលបានប្រើប្រាស់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ គឺជាដ្រូន UJ-22 ដែលផ្ទុកដោយសារធាតុផ្ទុះផ្លាស្ទិច C4 ទម្ងន់ ១៧គីឡូក្រាម និងជាប្រភេទគ្រឿងផ្ទុះដែលទាហានអាមេរិក ធ្លាប់ប្រើប្រាស់ថែមទៀត។ ដ្រូនដែលបានបញ្ជាឱ្យហោះពីទឹកដីអ៊ុយក្រែននោះ ត្រូវគេរាយការណ៍ថា គោលបំណងរបស់វា គឺត្រូវទៅបំផ្ទុះក្នុងគោលដៅតំបន់ឧស្សាហកម្មទើបសាងសង់ថ្មីឈ្មោះ សួនឧស្សាហកម្ម Rudnevo លើទឹកដីរុស្ស៊ី នៅជិតទីក្រុងមូស្គូ។
សារព័ត៌មាន Bild បានសរសេរដកស្រង់សម្តីផ្សាយតាមប្រព័ន្ធបណ្តាញសង្គម tweet របស់សកម្មជនអ៊ុយក្រែនម្នាក់ឈ្មោះយូរី រ៉ូម៉ាណិនកូ (Yuriy Romanenko) ដែលស្និទ្ធនឹងក្រុមសេវា ស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បាននិយាយថា គេបានទទួលព័ត៌មានសម្ងាត់មួយ នៃដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់សួនឧស្សាហកម្ម Rudnevo។ ដូច្នេះទើប មានការ សម្រេចចិត្តត្រូវប្រើប្រាស់ដ្រូនអត្តឃាតនោះក្នុងបំណងសម្លាប់ប្រធានាធិបតីរុស្ស៊ី។ សកម្មជនអ៊ុយក្រែនដដែល បាននិយាយថាដ្រូនអត្តឃាតនោះ បានហោះដោយគេចរួចពីប្រព័ន្ធការពារអាកាស របស់រុស្ស៊ី ប៉ុន្តែបែរជាមកធ្លាក់នៅក្បែរភូមិមួយរបស់អ្នកស្រុកលើទឹកដីរុស្ស៊ីទៅវិញ។
ដ្រូនអត្តឃាតនោះបានធ្លាក់ក្នុងភូមិ Voroskogo ចម្ងាយជាង១៩គីឡូម៉ែត្រ ភាគខាងកើតសួនឧស្សាហកម្ម Rudnevo ។ សារព័ត៌មានអាល្លឺម៉ង់ដដែល បាននិយាយថាដ្រូនអត្តឃាតនោះ មានផ្ទុក គ្រឿងផ្ទុះចំនួន៣០ដុំ នៃប្រភេទ M112 C4 ដែលក្នុងមួយដុំៗទម្ងន់៥៧០ក្រាម។ វិមានក្រឹមឡាំងមិនមានសេចក្តីរាយការណ៍បង្ហាញអំពីភាពពាក់ព័ន្ធនឹងគម្រោង ធ្វើឃាតដាក់លើប្រធានាធិបតី រុស្ស៊ីនោះឡើយ ប៉ុន្តែនៅជាមួយនឹងសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់នោះ គឺនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា សារព័ត៌មានអនឡាញរបស់រុស្ស៊ីមួយឈ្មោះ Mash បានផ្សាយនូវរូបភាពដ្រូន ដែលស្រដៀងគ្នានឹងដ្រូនដេលរៀបរាប់ដោយកាសែតអាល្លឺម៉ង់។ សារព័ត៌មានរុស្ស៊ីនោះបាននិយាយថាជាដ្រូនវាយប្រហាររបស់អ៊ុយក្រែននោះ បានធ្លាក់ក្នុងភូមិ Vorovsky ភាគខាងកើត ក្រុងម៉ូស្គូ។ សារព័ត៌មានអនឡាញ Mash បានរាយការណ៍បន្តទៀតថា «ដ្រូនមួយគ្រឿងប្រហាក់ប្រហែលនឹងដ្រូន UJ-22 របស់អ៊ុយក្រែន ផ្ទុកសារធាតុបំផ្ទុះបានធ្លាក់ក្នុងភូមិ Vorovsky ក្បែរក្រុង Noginsk និងជិតក្រុងម៉ូស្គូ។ សារព័ត៌មានអនឡាញ Mash បានរាយការណ៍បន្តថា ដ្រូនអត្តឃាតនោះបានផ្ទុកគ្រឿងបំផ្ទុះ M112របស់កាណាដា។ សារព័ត៌មានរុស្ស៊ីដដែល បាននិយាយបន្តថា ដ្រូនប្រវែង៣ម៉ែត្រ ទម្ងន់៨៥គីឡូក្រាម បានធ្លាក់ពីលើអាកាស ប៉ះដើមឈើ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែមេសា។ ល្បឿនអតិបរមា របស់ដ្រូននោះ អាចមានល្បឿន១៨០គីឡូម៉ែត្រក្នុង មួយម៉ោង…កម្រិតចម្ងាយហោះរបស់ដ្រូន គឺប្រមាណ៨០០ គីឡូម៉ែត្រ។ សារព័ត៌មានរុស្ស៊ីដដែលបញ្ជាក់ទៀតថា ជាទ្រឹស្តី ដ្រូនអត្តឃាតនោះ អាចនឹងហោះចេញមកទឹកដីអ៊ុយក្រែន។ មិនមាន សេចក្តីរាយការណ៍ច្បាស់លាស់បញ្ជាក់ថាតើក្នុងពេល ដែលមានការធ្លាក់ដ្រូនអត្ត ឃាតរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងមកនោះ វាស្ថិតនៅចំពេលដែលលោកពូទីន បានធ្វើទស្សនកិច្ច នៅទីនោះដែរឬយ៉ាងណានោះឡើយ។
ប្រព័ន្ធព័ត៌មានរដ្ឋរបស់រុស្ស៊ី មិនបានរាយការណ៍អំពីការប៉ុនប៉ងធ្វើឃាតណាមួយដាក់លើរូប លោក ពូទីននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសាកន្លង មកនេះ សារព័ត៌មាន TASS របស់រុស្ស៊ីបានបញ្ជាក់ថា លោក ពូទីនមានគម្រងធ្វើទស្សនកិច្ច សួនឧស្សាហកម្ម Rudnevo ដើម្បីកិច្ចពិភាក្សាផ្តោតជុំវិញភាពរីកចម្រើននៃយន្តហោះដ្រូនរបស់រុស្ស៊ី។
សេចក្តីរាយការណ៍ជុំវិញការប្រើដ្រូនអត្តឃាតរបស់អ៊ុយក្រែន ធ្វើសកម្មភាពវាយប្រហារដាក់លើទឹកដីរុស្ស៊ីនេះ ត្រូវគេឃើញថាវាមិនមែនទើបតែជាលើកទី១នោះទេ ប៉ុន្តែការប្រើដ្រូន ដើម្បីប៉ុនប៉ង សម្លាប់លោក ពូទីន នេះគឺជាលើកដំបូងហើយ។ ដ្រូនអ៊ុយក្រែន ធ្លាប់ត្រូវបានគេរាយការណ៍ជាច្រើនដងរួចមកហើយ ក្នុងការប្រើប្រាស់វាយប្រហារដាក់លើទឹកដីរុស្ស៊ី និងវេលាចុងក្រោយនេះ ថែមទៀត សេចក្តីរាយការណ៍បានបង្ហាញថាអ៊ុយក្រែនបាន និងកំពុងការផលិតដ្រូនរបស់ខ្លួនជាច្រើនទៀតដើម្បីការប្រើប្រាស់នៅលើសមរភូមិ។នៅលើសមរភូមិនោះវិញ ការវាយប្រហារគ្នានៅតែបន្ត និងសង្គ្រាមបានឈានចូលដល់ថ្ងៃទី៤២៧ថ្ងៃ ហើយគិតត្រឹមថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ សេចក្តីរាយការណ៍របស់សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា បាននិយាយថាមានការបាញ់ផ្លោងពីកម្លាំងទាហានរុស្ស៊ីដាក់លើតំបន់ Kharkiv បណ្តាលឱ្យមានមនុស្ស២នាក់បានស្លាប់ និងរងរបួស ១៦នាក់។ ការវាយប្រហារនៅក្នុងក្រុងបាកមូត នៅតែបន្តខណៈដែលរុស្ស៊ីបានដណ្តើមយកកន្លែងកាន់កាប់ភាគច្រើននៅក្នុងក្រុងដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ ក្នុងរយៈពេល២៤ម៉ោង កន្លង មកនេះផងទៀត ទាហានរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងគ្នាទៅវិញទៅមកដោយរុស្ស៊ីប្រគល់អ្នកទោសចំនួន៤៤នាក់ដល់អ៊ុយក្រែន…ចំណែកអ៊ុយក្រែន បានប្រគល់អ្នកទោស៤០នាក់ដល់រុស្ស៊ីនោះវិញ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃទី២៨ ខែមេសាថា យានយន្តចម្បាំងដែលសន្យាដល់អ៊ុយក្រែន បានប្រគល់ចំនួន៩៨ភាគរយហើយដល់អ៊ុយក្រែន ក្នុងនោះរួមមានរថពាសដែក១ពាន់៥៥០គ្រឿងនិងរថក្រោះមានចំនួន២៣០គ្រឿង។ សេចក្តីរាយការណ៍នៅថ្ងៃទី២៨ ខែមេសានេះ ផងទៀត បានដកស្រង់សម្តីឧត្តមសេនីយ៍យោធាអាមេរិក ប្រចាំក្នុងសហភាពអឺរ៉ុបលោក Christopher Cavoli ដែលនិយាយថាកងកម្លាំងយោធា របស់អ៊ុយក្រែនដែលត្រៀមនឹងចាប់ផ្តើមយុទ្ធនាការរដូវ Spring នឹងទទួលបាននូវសម្ភារៈយោធាដែល ពួកគេត្រូវការចំណែកពីខាងភាគីរុស្ស៊ីគឺមេបញ្ជាការកងកម្លាំង Wagner បានថ្លែង ប្រាប់កងកម្លាំងរបស់ខ្លួនត្រូវប្រុងប្រយ័ត្នក្នុងសប្តាហ៍ក្រោយ ដោយសារតែមានការរំពឹងថា យុទ្ធនាការរដូវ Spring របស់អ៊ុយក្រែននឹងអាចចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភាសប្តាហ៍ក្រោយនេះហើយ៕




