ទស្សនៈ៖ ការជន្លសម្តីរបស់សម្តីរបស់តេជោ ធ្វើឱ្យលេចចេញកាន់តែច្បាស់នូវសារជាតិកូនអកតញ្ញូ របស់ ស៊ន តារា …

(ភ្នំពេញ)៖ មានការជជែកគ្នាជាច្រើនលើផ្នែកសីលធម៌ផ្នែកនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្តេចតេជោ បានបញ្ចេញសារព្រមានដកតំណែងឪពុក និងសាច់ញាតិរបស់ ស៊ន តារា។
មនុស្សមួយចំនួន រួមទាំង ស៊ន តារា ផង បានលើកឡើងថា សម្តេចតេជោ មិនគួរខឹងគោទៅវាយរទេះនោះទេ។ តើសម្តេចតេជោ ពិតជាខឹងគោទៅវាយរទេះមែនឬ?
ក្នុងជីវិតនយោបាយរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ គេមិនពិបាកយល់ ហើយក៏មិនពិបាកស្មានអំពីបេះដូង និងអំពីសីលធម៌នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ តាមរយៈរឿងរ៉ាវនយោបាយខ្មែរ គេអាចមើលឃើញថា សម្តេចតេជោជាមេដឹកនាំពោរពេញដោយធម៌មេត្តា សណ្តោសប្រពៃណី និងការអភ័យខ្ពស់បំផុត។
ទឡ្ហីករណ៍សំខាន់ៗដែលយើងមើលឃើញនោះ មេដឹកនាំខ្មែរក្រហម ដែលអាចរាប់ថាជាសត្រូវដ៏ធំ បំផុតក្នុងជីវិតនយោបាយរបស់សម្តេតេជោ តែទីបំផុតសម្តេចនៅតែផ្តល់ការអភ័យចាប់ដៃ និងឱបយ៉ាងស្និទ្ធស្នាលជាមួយពួកគេនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ក្រៅពីមេដឹកនាំខ្មែរក្រហម នៅមានតួអង្គនយោបាយជាច្រើនទៀត ដែលមានសង្គ្រាមសម្តីយ៉ាងក្តៅគគុកលើសមរភូមិនយោបាយ តែទីបំផុតនៅតែទទួលការអភ័យពីសម្តេចតេជោ។
ថ្មីៗនេះទៀត ក្រុមសកម្មជននយោបាយអតីតបក្សសង្គ្រោះជាតិ ក្រុមយុវជនគាំទ្របក្សប្រឆាំង ដែលពីមុនសុទ្ធសឹងជាមនុស្សដែលប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើសម្តេចតេជោ ក៏ពួកគេនៅតែទទួលបានការអភ័យពីសម្តេចតេជោ និងទទួលបានឱកាសចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា និងរួមចំណែកបម្រើកិច្ចការជាតិ។
បន្ថែមពីលើនេះក្នុងជីវិតនយោបាយជាង ៤០ឆ្នាំមកនេះ គេក៏មិនដែលឃើញសម្តេចតេជោ ទៅធ្វើទុក្ខបុកម្នេញចំពោះសាច់ញាតិដៃគូនយោបាយរបស់សម្តេចរូបណាម្នាក់នោះឡើយ។ បច្ចុប្បន្ន នេះ សាច់ញាតិរបស់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសជាច្រើនរូប កំពុងរស់នៅក្នុង ប្រទេសកម្ពុជា។ ពួកគេកំពុងរស់នៅ ប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត មិនដែលឃើញសម្តេចតេជោ ឬអាជ្ញាធរណាម្នាក់ទៅបង្កការលំបាកណាមួយសម្រាប់ជីវិតរបស់ពួកគេនោះឡើយ។
តាមរយៈតឹកតាងត្រួសៗលើកឡើងខាងលើនេះ គឺបានបង្ហាញឃើញច្បាស់ណាស់ពីគុណធម៌ និង សីលធម៌នយោបាយរបស់សម្តេចតេជោ ហើយគុណធម៌ និងសីលធម៌នេះហើយ ដែលនាំសម្តេចតេជោឈ្នះលើសមរភូមិនយោបាយជាង៤០ឆ្នាំមកនេះ។
បើគុណធម៌ និងសីលធម៌នយោបាយរបស់សម្តេចតេជោ ត្រូវបានតម្កល់ខ្ពស់ដូចការរៀបរាប់ខាងលើ ចុះអ្វីទៅជាអត្ថន័យពិតនៃការសំឡុត និងគំរាមដកតំណែងឪពុក និងសាច់ញាតិ ស៊ន តារា កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនោះ?
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា ជាអ្នកនយោបាយដែលមានតាក់តិចនយោបាយ និងចិត្តសាស្ត្រខ្ពស់មិនដែលមាននរណាស្មាននូវជំហ៊ានរបស់សម្តេចបាននោះឡើយ។ សម្តេចក៏ធ្លាប់បានបញ្ជាក់ដែរថា ការដែលគេទស្សន៍ទាយជំហ៊ានសម្តេចមិនត្រូវនោះហើយ ទើបសម្តេចតែងឈ្នះលើកិច្ចការទាំងឡាយ ជាពិសេសកិច្ចការនយោបាយ។
បើផ្អែកលើសំអាងខ្លះនៅខាងលើ គេអាចសន្និដ្ឋានបានថា ការសំឡុត និងការគំរាមដកតំណែង ឪពុក និងសាច់ញាតិ ស៊ន តារា គ្រាន់តែជាការចាក់ទឹកយកចង្រិតចេញពីរន្ធប៉ុណ្ណោះ ឬអាចនិយាយបានថា ជាការស្រែកហែកចរិតពិតរបស់ ស៊ន តារា ប៉ុណ្ណោះ។
សីលធម៌នៃការរស់នៅក្នុងសង្គមខ្មែរ កូនដែលហៅថាមានចិត្តកតញ្ញូ ហ៊ានលះបង់ និងហ៊ានធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីតបនូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់អ្នកមានគុណ គឺឪពុកម្តាយ។ ចុះ ស៊ន តារា វិញ មានតម្លៃសីលធម៌ជាមនុស្សដែលចេះគោរពដឹងគុណឪពុកម្តាយដែរទេ?
បើតាមបទសម្ភាសន៍កន្លងមកទាំងឪពុក និងម្តាយរបស់លោក ស៊ន តារា បានបង្ហាញការខកចិត្តជាខ្លាំងចំពោះទង្វើ និងចរិតដ៏ខុសឆ្គងរបស់កូន។ ប្រឹងប្រែងចិញ្ចឹមបីបាច់ឱ្យធំធាត់ដោយល្អ ប្រឹងប្រែងឱ្យសិក្សារៀនសូត្របានខ្ពងខ្ពស់រំពឹងកូនក្លាយជាមនុស្សទីពឹងពាក់នៅពេលចាស់ជរា តែទីបំផុតកូនជ្រើសយកផ្លូវដែលខ្លួនមិនចង់បាន មិនចង់ឃើញ។ កាន់តែឈឺចាប់ទោះប្រឹងអង្វរ ក៏កូនមិនស្តាប់ទៀត។
ការសំឡុតរបស់សម្តេចតេជោ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសណ្តាននៃប្រភេទកូនជា « អវជាតិបុត្រ» កូនដែលចង្រៃជូរជាតិ កូនដែលនាំតែទុក្ខទោសឱ្យឪពុកម្តាយ។ បើទោះបីឃើញថា ឪពុក និងសាច់ញាតិ ត្រូវប្រឈមនឹងបញ្ហាទៅហើយ តែ ស៊ន តារា មិនបានទន់ចិត្តទម្លាក់ចោល ចរិតអស្មិមានៈ ដើម្បីជួយបញ្ចៀសបញ្ហាឱ្យឪពុក និងសាច់ញាតិរបស់ខ្លួននោះឡើយ។ រូបគេថែមទាំងប្រកាសកាត់កាលឪពុកម្តាយ និងសាច់ញាតិចោលទៀត ដែលជារឿងដ៏កម្រនៅក្នុងសង្គមខ្មែរ។
សម្តីសំឡុតរបស់សម្តេចតេជោ គឺជាការជន្ល ជាការបញ្ឆោតឱ្យ ស៊ន តារា បង្ហាញសណ្តានពិតមកថា រូបគេពិតជាកូនប្រភេទ «អវជាតិបុត្រ» ជាកូនអកតញ្ញូ ជាកូនអាក្រក់ជូរជាតិគ្មានស្គាល់បាបបុណ្យ ឬហៅថា កូនទមិឡឥតសាសនា។
ជនដែលសូម្បីតែឪពុកម្តាយ ជាព្រះរស់មានគុណខ្ពស់លើសគុណទាំងឡាយក្នុងលោក មិនទាំងគោរពផង តើសមជាមនុស្សមានគុណតម្លៃផ្នែកសីលធម៌គួរនឹងផ្តល់តម្លៃដល់ដែរទែ? នេះគឺជារឿងមួយអាចផ្តល់ការពិចារណាពីសណ្តានរបស់ ស៊ន តារា សម្រាប់សាធារណជនទូទៅ។
សរុបមកការលាតត្រដាងសណ្តានពិតរបស់ ស៊ន តារា គឺជាទិសដៅពិតរបស់សម្តេចតេជោ ក្នុងការព្រលយសម្តីព្រមានដកតំណែងឪពុក និងសាច់ញាតិ របស់ ស៊ន តារា។បើសិនជាពិតដូចអ្វីដែលបានសន្និដ្ឋានមែននោះ គឺពិតជាសមដូចពាក្យខ្មែរឧស្សាហ៍និយាយថា «ខ្ញីកាន់តែចាស់ គឺកាន់តែហឹរ»។ ក្មេងលេងទស្សនៈដូច ស៊ន តារា នៅតែចាញ់ប្រាជ្ញសម្តេចតេជោ៕
ដោយ៖ វ៉ាន់ សារាយ



