ឈ្វេងយល់ពី «ការបញ្ចប់កាតព្វកិច្ចតមអាហារ» របស់បងប្អូនខ្មែរអ៉ីស្លាម …

(ភ្នំពេញ)៖ ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរហើយ នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈដឹកនាំជាន់ខ្ពស់អ៊ីស្លាមកម្ពុជា។
នៅពេលខ្នើត ខែរ៉ម៉ាឌន (ខែទី០៩ នៃប្រតិទិនអ៊ីស្លាម) រះឡើងវាគឺជាការចាប់ផ្តើមការកាន់អំណត់ ហើយពេលខ្នើតខែសាវ៉ាល់ (ខែទី១០ នៃប្រតិទិនអ៊ីស្លាម) រះឡើងគឺជា សញ្ញាណ នៃការបញ្ចប់កាតព្វកិច្ចបួស។ ថ្ងៃទី០១ នៃខែសាវ៉ាល់ ដែលត្រូវនឹងថ្ងៃទី២២ ខែមេសានេះហើយជាថ្ងៃបុណ្យ ចេញបួសរបស់ជនមូស្លីម ដែលគេស្គាល់ថាជា ថ្ងៃអ៊ីឌូលហ្វីត្រ បន្ទាប់ពីបានបញ្ចប់នូវការកាន់អំណត់អស់ រយៈពេលមួយខែរ៉ម៉ាឌន កន្លងមកនោះ។ ដោយសារប្រតិទិនអ៊ីស្លាមជាប្រតិទិនចន្ទគតិ ការប្រារព្ធពិធីទាំងនេះ គឺសំអាងលើការអង្កេតមើលការលេចឡើងនៃខ្នើតខែ។ តែបច្ចុប្បន្នដោយសារប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ផងនោះ មិនថាទាំងការចូលកាន់អំណត់ (បួស) ឬបញ្ចប់ការកាន់ អំណត់ គេសុទ្ធតែអាចមើលដឹង និងកំណត់កាលបរិច្ឆេទច្បាស់លាស់ ថាតើនៅថ្ងៃណាព្រះចន្ទថ្មីដែលនឹងរះឡើង។ តែទោះជាយ៉ាងនេះក្តី ក៏មានមូស្លីមមួយចំនួននៅបន្តការអនុវត្ត ការសង្កេតខ្នើតព្រះចន្ទ ដោយភ្នែកទទេដើម្បីបញ្ជាក់ពីថ្ងៃផ្លូវការនៃការធ្វើពិធីឆ្លង អ៊ីឌូលហ្វីត្រ នេះផងដែរ។

  • ការប្រារព្ធពីធីបុណ្យ អ៊ីឌូលហ្វីត្រ
    ការប្រារព្ធថ្ងៃអ៊ីឌូលហ្វីត្រ គឺជាលំអានតាំងពីជំនាន់មហាំម៉ាត់ មកម្លេះ។ ការអនុវត្តនេះគឺជាសារនៃភាតរភាព និងសេចក្តីរីករាយ។ បន្ទាប់ពីការថ្វាយបង្គំនៅវិហារ មនុស្សម្នាចូលរួម ពិធីបុណ្យទាំងចាស់ក្មេង ប្រុសស្រី ស្លៀកសំលៀកបំពាក់ចម្រុះពណ៌ ប្រកបជាមួយ ការប្រើគ្រឿងក្រអូប នាឱកាសជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយ ហើយពីផ្ទះមួយទៅផ្ទះមួយ ពួកគេដើរការសុំខមាលទោសដោយ ភាតរភាពរវាងគ្នាចំពោះកំហុសនានា រាប់ទាំងកំហុស ចេតនា។ មួយវិញទៀត ជាប្រពៃណីរបស់ខ្លួននៅថ្ងៃអ៊ីឌូលហ្វីត្រ បងប្អូនចាម ឬខ្មែរអ៊ីស្លាម តែងតែរៀបនំចំណី ឬម្ហូបអាហារដើម្បីទទួលភ្ញៀវមានដូចជា សម្លការី នំអន្សម នំផ្អែមផ្សេងៗ ដែលធ្វើអោយ អ៊ីឌូលហ្វីត្រ ក្លាយជាអនុស្សារិយនៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ នៃប្រតិទិនរបស់ខ្លួន។
  • សារសំខាន់នៃថ្ងៃអ៊ីឌូលហ្វីត្រ
    សារដ៏សំខាន់នៅឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះ មូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេស អំពីកាតព្វកិច្ចរបស់ពួកគេ ទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី អោយគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធីដូចគ្នាដោយរីករាយ និងប្រាកដ ថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យ អ៊ីឌូលហ្វីត្រនេះឡើយ ព្រមទាំងដើម្បីបំពេញបន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួន។
  • ទម្រង់នៃការបរិច្ចាក ឬហ្សាកាត់
    ភាពសំខាន់នៃថ្ងៃអ៊ីឌូលហ្វីត្រ គឺការអនុវត្តការបរិច្ចាកទាន។ ជាទានដែលបរិច្ចាក ទៅតាមការកំណត់ ទាំងបរិមាណ និងពេលវេលា ដែលគេហៅថាហ្សាកាត់។ វាត្រូវបានធ្វើឡើង ដោយមេគ្រួសារដែលជាតំណាងសមាជិកម្នាក់ៗក្នុងគ្រួសារនៅ មុនថ្ងៃប្រារព្ធពិធី អ៊ីឌូលហ្វីត្រ។ ការបរិច្ចាកនេះទៀតសោត គេត្រូវតែធ្វើឡើងជាចំណីអាហារដែលអាចចម្អែត បានដូចជា៖ (ស្រូវ ឬអង្ករ ពោត ផ្លែល្មើ ជាដើម)។ ហ្សាកាត់ឌុលហ្វិតរី ឬហ្សាកាត់គឺជាកាតព្វកិច្ចលើមូស្លីមគ្រប់រូប ដែលបានបន្តរស់មានជីវិតដល់ថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌន និងថ្ងៃដំបូង នៃខែសាវ៉ាល់ដែលជាខែបន្ទាប់។ ផ្ទុយទៅវិញ វាមិនជាប់កាតព្វកិច្ចនោះឡើយសម្រាប់បណ្តាជនមូស្លីមដែលបានលាចាក លោក នៅមុនថ្ងៃលិច (មរណកាលក្នុងខែរ៉ម៉ាទន) ឬទារក ទារីកាដែលចាប់កំណើតក្រោយការបញ្ចប់ខែរ៉ម៉ាឌន។
    គួរបញ្ជាក់ថា ចាប់ពីថ្ងៃសៅរ៍ស្អែកនេះតទៅ ជនមូស្លីមទំាងអស់ អាចបរិភោគបានធម្មតាឡើងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram