អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី ….

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣។
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យវាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាសម្រេចចិត្តអំពីអ្វីដែលពួកគេនឹងត្រូវធ្វើ។ យ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយ ចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធនិងបរិក្ខារយោធា ដែលផ្គត់ផ្គង់ពីអាមេរិកឡើយ»។
ដោយឡែក ក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ មន្ទីរបញ្ចកោណបានឱ្យដឹងថា វានឹងរួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ, គ្រាប់១០៥មីលីម៉ែត្ររបស់រថក្រោះ និងរ៉ុក្កែត Zuni សម្រាប់បាញ់ពីយន្តហោះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏នឹងរួមមានគ្រាប់កាំភ្លើងប្រមាណជាង ៣០លានគ្រាប់ផងដែរ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក មកទល់ពេលនេះ ការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ បានកើនសរុបដល់ទំហំ៣៧.៦ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram