ឥណ្ឌា៖ មនុស្ស ១១នាក់បានស្លាប់ កំលុងពេលរងចាំក្រោមកម្តៅថ្ងៃដ៏ក្តៅអស់ជាច្រើនម៉ោង ក្នុងពិធីប្រគល់ពានរង្វាន់មួយនៅរដ្ឋ Maharashtra …

(ញូដេលី)៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃចន្ទនេះថា មានមនុស្ស ១១នាក់បានស្លាប់ដោយសាររលកកម្តៅនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអ្នកទស្សនាប្រមាណមួយលាននាក់បានរង់ចាំអស់រយៈពេលជាច្រើនម៉ោង នៅក្រោមកម្តៅថ្ងៃដ៏ក្តៅនៅក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់របស់រដ្ឋាភិបាល នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សប្រហែល ២០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ៣០០នាក់មានអារម្មណ៍មិនស្រួលនៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាពបានឡើងដល់ ៣៨អង្សាសេ និងមានសំណើមខ្ពស់។
ពិធីនេះត្រូវបានចូលរួមដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah ផងដែរ ដែលបានសាទរចំពោះហ្វូងមនុស្សសម្រាប់ការរង់ចាំយ៉ាងយូរក្រោមពន្លឺថ្ងៃ។
កាសែត Indian Express បានរាយការណ៍នៅថ្ងៃចន្ទនេះថា គណបក្ស Bharatiya Janata Party (BJP) ដែលជាគណបក្សកាន់អំណាច ដែលគ្រប់គ្រងរដ្ឋ Maharashtra បាននិយាយថា មនុស្សប្រហែលមួយលាននាក់បានចូលរួមព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីផ្តល់រង្វាន់ដល់សកម្មជនសង្គមដ៏ល្បីល្បាញម្នាក់។
គណបក្សបក្សប្រឆាំងបានចោទរដ្ឋាភិបាលពីបទធ្វេសប្រហែស ហើយបាននិយាយថា រដ្ឋាភិបាលគួរប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា រលកកំដៅបានសម្លាប់មនុស្សជាង ៦,៥០០នាក់នៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ ២០១០ ដោយសីតុណ្ហភាពបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងទីក្រុងនានាទូទាំងប្រទេសកាលពីឆ្នាំមុន។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ដោយមានការជំរុញដោយការប្រែប្រួលអាកាសធាតុ អាកាសធាតុក្តៅកាន់តែអាក្រក់ និងញឹកញាប់ជាងនៅទូទាំងអាស៊ីខាងត្បូងមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរនៅភាគខាងកើតរដ្ឋ West Bengal បានប្រកាសបិទសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់សម្រាប់រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ដោយសារអាកាសធាតុក្តៅខ្លាំង៕

