TikTok ត្រូវបានចក្រភពអង់គ្លេសពិន័យជិត ១៦លានដុល្លារអាមេរិក ពាក់ព័ន្ធករណីបំពានច្បាប់ការពារទិន្នន័យ…

(បរទេស)៖ ក្រុមហ៊ុន TikTok ប្រចាំចក្រភពអង់គ្លេស ត្រូវបានពិន័យជាប្រាក់ចំនួន ១២.៧លានផោន (ប្រហែល ១៥.៨លានដុល្លារអាមេរិក) នៅថ្ងៃអង្គារនេះ ពាក់ព័ន្ធការបំពានច្បាប់ជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
ការិយាល័យរដ្ឋាភិបាលចក្រភពអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុន TikTok Information Technologies UK Limited និង TikTok Inc. ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជនរបស់ចិន ByteDance បានបំពានច្បាប់ការពារទិន្នន័យជាច្រើន រួមទាំងការខកខានក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កុមារទៀតផង។
ការិយាល័យស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) ប៉ាន់ប្រមាណថាមានកុមារចក្រភពអង់គ្លេសអាយុក្រោម ១៣ឆ្នាំ ច្រើនជាង ១លាននាក់ បានប្រើប្រាស់កម្មវិធី TikTok ដែលវាផ្ទុយទៅនឹងការកម្រិតអាយុដែលបានកំណត់នៅក្នុងលក្ខខណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុន។
ICO បានបន្ថែមទៀតថា បានរកឃើញទិន្នន័យផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់កុមារអាយុក្រោម ១៣ឆ្នាំត្រូវបានប្រើប្រាស់ដោយគ្មានការយល់ព្រមពីមាតាបិតា ហើយ TikTok “មិនបានធ្វើគ្រប់គ្រាន់ទេ” ដើម្បីពិនិត្យមើលឱ្យបានគ្រប់គ្រាន់ថាតើអ្នកណាកំពុងប្រើប្រាស់វេទិការបស់ពួកគេ ឬដកចេញនូវកុមារមិនទាន់គ្រប់អាយុ ដែលវាជាការបំពានលើច្បាប់ការពារទិន្នន័យទូទៅរបស់ចក្រភពអង់គ្លេស។
អ្នកនាំពាក្យរបស់ TikTok បានប្រាប់កាសែត Wall Street Journal ថា “យើងបណ្តាក់ទុនយ៉ាងច្រើនដើម្បីជួយរក្សាក្មេងអាយុក្រោម ១៣ឆ្នាំចេញពីវេទិកា ហើយក្រុមសុវត្ថិភាពដ៏រឹងមាំរបស់យើងចំនួន ៤០,០០០នាក់ បានធ្វើការយ៉ាងសកម្មបំផុតដើម្បីជួយរក្សាវេទិកានេះឱ្យមានសុវត្ថិភាពសម្រាប់សហគមន៍របស់យើង”៕
