បាត់ដំបង៖អាសូរណាស់ស្ត្រីជាគ្រូបង្រៀនម្នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់ ក្រោយពេលចេញពីសាលា
ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានមុខងារជាគ្រូបង្រៀនក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកសំឡូត ត្រូវបានឃាតកសម្លាប់យ៉ាងព្រៃផ្សៃបំផុត ដោយនៅមិនទាន់ថា អាចជាករណីឃាតកម្ម ដោយសារគំនុំ ឬក៏ជាការរំលោភសម្លាប់នោះឡើយ ខណៈដែលអ្នកគ្រូរូបនេះជិះម៉ូតូចេញពីបង្រៀនសិស្សក្នុងដំណើរវិលត្រឡប់ទៅលំនៅឋាន។
ហេតុការណ៍នៃអំពើឃាតកម្មដ៏ឃោរឃៅនេះ ត្រូវបានគេប្រទះឃើញសពនៅវេលាម៉ោង ៥និង២៥ នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសភាពសពរបស់ស្ត្រីរងគ្រោះគឺដេកផ្កាប់មុខនៅក្នុងព្រៃ ដោយនៅក្បែរៗទីតាំងកើតហេតុ គេសង្កេតឃើញថា ទាំងម៉ូតូឌ្រីមដែលអ្នកគ្រូជិះចេញពីសាលា ក៏ដូចជាទូរសព្ទដៃ គឺនៅទីនោះទំាងអស់ ដោយមិនមានការបាត់បង់នោះឡើយ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និង កីឡា ស្រុកសំឡូត ទៅកាន់មន្ទីរអប់រំយុវជន និង កីឡា ខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ ឆ្នាំ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ជាគ្រូបឋមសិក្សា នៃសាលាអំពិលលើ បានបាត់ខ្លួននៅចន្លោះម៉ោង ១១ និង ៣០ នាទី ទៅម៉ោង ១២ ថ្ងៃត្រង់ ពេលដែលអ្នកគ្រូចេញពីសាលា។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៥ និង ២៥ នាទី ល្ងាចថ្ងៃដដែល ក្នុងភូមិសាស្ត្រខាងលើ ដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីផ្លូវ ដែលការវិនិច្ឆ័យបឋម អាចជារឿងគំនុំ ព្រោះបើគេពិនិត្យមើលពីខាងក្រៅ សពមានស្លាកស្នាមវាយតប់ជាច្រើនកន្លែង មុននឹងឃាតកសម្លាប់ រីឯសម្ភារៈមួយចំនួនរបស់សព ក៏មិនមានការបាត់បង់នោះឡើយ។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលមានសម្ផស្សស្រស់ស្អាតនេះ មានស្វាមី និងមានកូនស្រីមួយ ដោយក្រោយពីប្រទះឃើញសពនេះរួចមក សមត្ថកិច្ចបានដេកយាមជាបណ្ដោះអាសន្ន ដោយសារតែនៅព្រឹកថ្ងៃទី១៧ នេះ ទើបក្រុមការងារ នៃការិយាល័យបច្ចេកទេស និង កោសល្យវិច័យចុះទៅពិនិត្យស្លាកស្នាម ដើម្បីវិភាគឲ្យដឹងថា ជាករណីឃាតកម្មដោយគំនុំ ឬក៏ពាក់ព័ន្ធនឹងករណីរំលោភ សម្លាប់ ងាយស្រួលក្នុងការស្វែងរកឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕



