ក្លិបនៅ Premier League ចំណាយប្រាក់ ១ពាន់លានដុល្លារជាលើកដំបូង ក្នុងរដូវកាលដោះដូរកីឡាករនាខែមករា…


(ឡុងដ៍)៖ បណ្តាក្លិបបាល់ទាត់លេងនៅលីគកំពូលអង់គ្លេស Premier League បានចំណាយប្រាក់បំបែកកំណត់ត្រាចំនួន ៨១៥លានផោន (១ពាន់លានដុល្លារអាមេរិក) ក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០២៣។ នេះបើតាមការវិភាគពីក្រុមហ៊ុន Deloitte’s Sports Business Group ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែកុម្ភៈ។
ក្លិបដែលចំណាយច្រើនជាងគេបំផុត គឺតោខៀវ Chelsea ដោយបានចំណាយស្មើនឹង ៣៧ភាគរយនៃការចំណាយសរុប ដោយវាមានចំនួនច្រើនជាង ការចំណាយបូកបញ្ចូលគ្នាដោយក្លិបទាំងអស់លេងនៅ Bundesliga, La Liga, Serie A និង Ligue 1 ទៅទៀត។ នេះបើតាមក្រុមហ៊ុនវិភាគបានបន្ថែម។
Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League បានចំណាយប្រាក់ ១០៦.៨លានផោន ក្នុងការនាំយកខ្សែបម្រើអាហ្សង់ទីន Enzo Fernandez មកពីក្លិប Benfica នៅថ្ងៃអង្គារ ដែលជាថ្ងៃចុងបញ្ចប់នៃរដូវកាលដោះដូរកីឡាករ។
ការចំណាយរបស់បណ្តាក្លិបដែលលេងនៅលីគកំពូលអង់គ្លេស បានកើនឡើងជិត ៣ដង បើធៀបនឹងរដូវកាលដោះដូរកីឡាករកាលពីខែមករា ឆ្នាំ២០២២។
គិតរយៈពេលពេញ ១រដូវកាលឆ្នាំ២០២២-២៣ ពួកគេបានចំណាយប្រាក់ ២.៨ពាន់លានផោន លើការដោះដូរកីឡាករ ដែលចំនួននេះ ខ្ពស់ជាងកំណត់ត្រាចាស់ ១.៩ពាន់លានផោនដែលបានធ្វើឡើងក្នុងរដូវកាល ២០១៧-១៨។
សូមជម្រាបថា ក្លិប AFC Bournemouth ដែលរងការគម្រាមកំហែងពីការកាត់ចេញពីលីគនោះ គឺជាក្លិបលំដាប់ទី២ ដែលបានចំណាយច្រើនជាងគេបំផុត ក្នុងការដោះដូរកីឡាកនៅ Premier League៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram