មេធាវីអាជ្ញាធរជាតិអប្សរា សម្រេចប្តឹងតវ៉ានឹង ដីកាតម្កល់រឿងឥតចាត់ការ របស់សាលាដំបូង ខេត្តសៀមរាប…
សៀមរាប៖ ក្រុមមេធាវីជួយការងារច្បាប់ របស់អាជ្ញាធរជាតិអប្សរា ដែលតំណាង ដោយអាណត្តិ បានសម្រេចប្តឹងតវ៉ានឹងដីកាតម្កល់រឿង ទុកឥតចាត់ការ របស់អយ្យការ អមសាលាដំបូង ខេត្តសៀមរាប។
ការសម្រេចប្តឹងនេះ គឺបន្ទាប់ពីសាលាដំបូង ខេត្តសៀមរាប តំកល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលក្រុមមេធាវី ជួយការងារច្បាប់របស់ អាជ្ញាធរជាតិអប្សរា ប្តឹងឈ្មោះ លី អ៊ុអេង ពីបទ ប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណ: និងរំលោភកាន់កាប់ ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យ ដោយខុសច្បាប់។

បណ្តឹងចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលចុះ ហត្ថលេខាដោយលោក ជា សុកនួន និងលោក ស៊ន់ សុជាតិ ក្រុមមេធាវីជួយការងារច្បាប់ របស់អាជ្ញាធរជាតិអប្សរា និងបានចុះលេខ ទទួលដោយ ស្ថាប័នតុលាការ មានខ្លឹមសារថា ប្តឹងតវ៉ា និងដីកាតម្កល់រឿង ទុកឥតចាក់ការ លេខ៤៤១/២១ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ របស់អយ្យការ អមសាលាដំបូង ខេត្តសៀមរាប យោងសំណុំរឿង ព្រហ្មទណ្ឌលេខ ២៤៧ ចុះថ្ងៃទី៣ខែមីនាឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប។

ក្រុមមេធាវីអាជ្ញាធរជាតិអប្សរា បានអោយដឹងថា បុគ្គល លី អ៊ុអេង កាលពីអំឡុងឆ្នាំ ២០១៧. ២០២០ .និង ២០២១ បានទៅកាន់កាប់ និងដាំឫស្សី លើដីក្នុងតំបន់១ និងតំបន់២ ក្នុងភូមិគីរីមីនន្ទ ភូមិតាប៉ាង និងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលជាតំបន់ការពារ នៃតំបន់រមណីយ ដ្ឋានសៀមរាបអង្គរ។ ក្រោយបុគ្គល លី អ៊ុអេង ចូលទៅកាន់កាប់ដោយខុសច្បាប់លើដី ក្នុងតំបន់ ខាងលើ ក្រុមមេធាវីអាជ្ញាធរជាតិអប្សរា ប្តឹងទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់។ ប៉ុន្តែថ្មីៗនេះ សាលាដំបូងខេត្តសៀមរាប សម្រេចតម្កល់រឿង ទុកឥតចាត់ការ។ ហេតុដូច្នេះហើយ ទើបក្រុមមេធាវី ជួយការងារច្បាប់ របស់អាជ្ញាធរជាតិអប្សរា ប្តឹងតវ៉ានឹងដីកាតម្កល់រឿង ឥតចាត់ការនេះ។

ជាមួយការតំកល់រឿង ឥតចាត់ការរបស់សាលាដំបូង ខេត្តសៀមរាបនេះ មហាជន ពិសេសពលរដ្ឋ ដែលរស់នៅក្នុងតំបន់ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តើអាជ្ញាធរជាតិអប្សរា អាចរឹបអូសដីសាធារណ:របស់រដ្ឋ ខាងលើនេះ មកវិញបាន ឬយ៉ាងណា?។ បើពិតជាអ្នកអនុវត្តច្បាប់មែននោះ!។ ផ្ទុយទៅវិញ បើនៅបណ្តោយ អោយបុគ្គល លី អ៊ុអេង នៅបន្ត កាន់កាប់ដីរបស់រដ្ឋ ដែលជាតំបន់រមណីយដ្ឋាន សៀមរាបអង្គរ បានដដែលនោះ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក៍ដូចជាអ្នកច្បាប់ អនុវត្តបានត្រឹម តែពលរដ្ឋ ទន់ខ្សោយ ឬពលរដ្ឋម្ចាស់ដី ដែលគ្រាន់តែធ្វើទ្រុងមាន់ ឬខ្ទមរស់នៅមិនបានប៉ុណ្ណោះ។ ប៉ុន្តែពួកគាត់ (ពលរដ្ឋ) រំពឹងថា អាជ្ញាធរជាតិអប្សរា ក៍ដូចជា ស្ថាប័នច្បាប់ នឹងអនុវត្តផ្លូវច្បាប់ ដោយពុំគិតថា ពលរដ្ឋ ឧកញ៉ា ឬជំទាវ នោះឡើយ។

ជុំវិញការប្តឹងតវ៉ានេះ លោកស្រី លី អ៊ុ អេង បានថ្លែងតាមទូរស័ព្ទថា ការប្តឹងជំទាស់ ឬប្តឹងតវ៉ាអ្វីនោះ គឺជាសិទ្ធិរបស់គូភាគី។ ខាងលោកស្រី មិនអាចហាមឃាត់នោះឡើយ៕


