អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យប្រជានេសាទ និងភ្ញៀវទេសចរ ផ្អាកការធ្វើដំណើរទៅកាន់លំហសមុទ្រដោយសារបញ្ហាអាកាសធាតុ…

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុ ទៅកាន់ប្រជាពលរដ្ឋដែលត្រូវធ្វើ
ដំណើរតាមផ្លូវទឹកទៅកាន់លំហសមុទ្រ និងប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រស្រាប់ ខណៈអាកាសធាតុនឹងអាក្រក់ខ្លាំងចាប់ពីយប់ថ្ងៃនេះ រហូតដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
តាមរយៈសារសំឡេងណែនាំទៅកាន់ប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃនេះ លោក គួច ចំរើន បានហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការជាប់គាំងណាមួយដែលបង្កដោយមហន្ដរាយផ្សេងៗ ហើយសូមឲ្យរកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពេលនេះម៉ោងនេះ ពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីធ្វើនេសាទ។
អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ទៀតថា «មធ្យោបាយសម្រាប់ផ្ដល់ដំណឹងទៅកាន់ប្រជានេសាទដែលកំពុងស្ថិតនៅលំហសមុទ្រ នាពេលនេះ គឺត្រូវអនុវត្តដូចកាលពីពេលកន្លងទៅ ដោយត្រូវជូនដំណឹងបន្ទាន់ទៅកាន់ក្រុមគ្រួសារ នៃសហគមន៍ប្រជានេសាទ ហើយសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចាត់ចែងការងារនេះឲ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ ឬអ្នកទេសចរ»។


សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីអំឡុងសប្តាហ៍ទី៤នៃខែមករានេះ ពោលគឺថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបន្តថា «នៅថ្ងៃទី២៤-២៥ ខែមករា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram