លោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅបិទអាហារដ្ឋានឫស្សីផ្អែម ខណៈដែលហាងមួយនេះ លួចបើកទទួលភ្ញៀវ ឲ្យចូលផឹកស៊ីយ៉ាងពពាក់ពពូន ល្មើសទៅនឹងវិធានការរដ្ឋបាល
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅបិទអាហារដ្ឋានឫស្សីផ្អែម ខណៈដែលហាងមួយនេះ លួចបើកទទួលភ្ញៀវ ឲ្យចូលផឹកស៊ីយ៉ាងពពាក់ពពូន ល្មើសទៅនឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ទាំងអ្នកគ្រប់គ្រង និងបុគ្គលិកហាង ព្រមទាំងភ្ញៀវផង សរុបចំនួន១០១នាក់ ។


ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅអាហារដ្ឋាន ឫស្សីផ្អែម មានទីតាំងស្ថិតនៅតាមផ្លូវបេតុងខាងជើងភ្លើងស្តុបវត្តឫស្សីសាញ់ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីអាជ្ញាធរ បានឲ្យកោះសន្តិភាពដឹងថា អាហារដ្ឋានឫស្សីផ្អែមនេះ មានសង់ខ្យូសជាច្រើននៅក្នុងនោះ ហើយដំណើរការយូរមកហើយដែរ ដោយឡែកពេលថ្មីៗកន្លងមកនេះ អាជ្ញាធរបានធ្វើការផ្សព្វផ្សាយអំពីវិធានការសុខាភិបាល ដោយបានធ្វើការណែនាំឲ្យផ្អាកជាបណ្ដោះអាសន្ន ដូចហាងទូទៅនៅក្នុងខណ្ឌដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ប្រភពដដែល បានបន្តថា វិធានការរដ្ឋបាល ពុំទាន់ត្រូវបានបិទបញ្ចប់ដូចជាបម្រាមគោចរនៅឡើយទេ ដូច្នេះភោជនីយដ្ឋាន អាហារដ្ឋាន ហាងខារ៉ាអូខេ KTV បៀរហ្គាដិន ជាដើមពុំអនុញ្ញាតឲ្យបើកដំណើរការទទួលភ្ញៀវចូលទៅផឹកស៊ីនោះឡើយ ។ មួយរយៈនេះ ហាងជាច្រើនបានគោរពតាម និងបានបិទទ្វារអត់ដំណើរការទេ ដោយឡែកអាហារដ្ឋាន ឫស្សីផ្អែម បានលួចលាក់បើកដំណើរការល្មើស នឹងវិធានការរដ្ឋបាល ។

ប្រភពខាងលើ បានបន្ថែមថា អហារដ្ឋានមួយនេះ មានបុគ្គលិកបម្រើការងារដែលភាគច្រើនសុទ្ធតែនារីក្មេងៗ ដើម្បីទាក់ទាញភ្ញៀវ ។ ក្រោយពេលទទួលបានដំណឹងថា កំពុងបើកដំណើរការដោយគ្មានការអនុញ្ញាតបែបនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅកាន់ទីតាំងខាងលើ ហើយបិទ និងឃាត់ខ្លួនមនុស្សប្រុសស្រី ដែលក្នុងនោះ មានអ្នកគ្រប់គ្រង និងបុគ្គលិកហាង ព្រមទាំងភ្ញៀវដែលចូលទៅផឹកស៊ី ទាំងអស់ ១០១នាក់ ។
អាជ្ញាធរ បញ្ជាក់ថា អ្នកទាំង១០១នាក់នោះ ត្រូវបានឃាត់ទុក អត់ឲ្យចេញពីអាហារដ្ឋាន ឫស្សីផ្អែម ឡើយ រង់ចាំក្រុមគ្រូពេទ្យជំនាញ ចុះទៅធ្វើតេស្តសំណាក ស្វែងរកវីរុសកូវីដ-១៩ មុននិងមានចំណាត់ការតាមច្បាប់ជាបន្តទៀត ៕



