អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនជាង៣០០នាក់ ចុះទស្សនកិច្ចស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រកោះថ្ម x16 និងស្តូបវិមាន២ធ្នូ…


(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាក្រុមប្រឹក្សាយុវជនកម្ពុជាសរុបជាង៣០០នាក់ មកពី២៩វិទ្យាល័យទូទាំងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សាស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម x16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។


លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់ X16 និងស្តូបវិមាន២ធ្នូ ដែលរៀបចំឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយុវជនពង្រឹងចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទស្សវត្សឆ្នាំ៧០ រហូតដល់ទស្សវត្សឆ្នាំ៩០ និងស្វែងយល់ពីដំណើរតស៊ូរបស់ថ្នាក់ដឹកនាំកំពូលៗនៃកម្ពុជាក្នុងការតស៊ូរំដោះជាតិមាតុភូមិ។


ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្ពោះទៅកៀរគរកម្លាំងវាយផ្តួលរបបខ្មែរក្រហម ដើម្បីរំដោះប្រទេស និងប្រជាជនឱ្យរួចផុតពីការកាប់សម្លាប់របស់របបខ្មែរក្រហម និងបង្រួបបង្រួមផ្សះផ្សារជាតិ និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ព្រមទាំងនាំមកនូវសុខសន្តិភាពជូនសង្គម និងប្រជាជនកម្ពុជាឱ្យរីកចម្រើន រុងរឿងសម្បូរសប្បាយមកដល់បច្ចុប្បន្ន។


លោកបន្តថា កោះថ្មជាទីតាំងប្រវត្តិសាស្រ្តនៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។


បើតាមលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទស្សនកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់ X16 និងស្តូបវិមាន២ធ្នូ គឺបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នេះ មានយុវជនចូលរួមសរុបប្រមាណ៧៦៤នាក់ បានចំនួន១៣លើក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram