គ្រូបង្វឹកកម្ពុជា ថាប៉ះប្រ៊ុយណេល្ងាចនេះ នឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន

(ភ្នំពេញ)៖ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ជួបប្រ៊ុយណេល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ ដែលក្រុមគោព្រៃត្រូវការឈ្នះ ពិសេសលោកនឹងព្យាយាមជំរុញកូនក្រុមស្វែងរកគ្រាប់បាល់ឲ្យបានច្រើនទៀតផង ។
នេះបើតាមការបញ្ជាក់ក្នុងសន្នីសីទសារព័ត៌មាន មុនការប្រកួត ស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វារវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែធ្នូនេះ ក្នុងការប្រកួតទី៣ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូលA ។
គ្រូបង្វឹកជនជាតិជប៉ុនខាងលើបន្ដថា «អ្វីដែលសំខាន់បំផុត សម្រាប់ការប្រកួតនេះ គឺការទទួលបានពិន្ទុ ឈ្នះទល់នឹងក្រុមប្រ៊ុយណេ ។ ម្យ៉ាងទៀត យើងនឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីប្រជែងឈរនៅកំពូលតារាងជាមួយក្រុមផ្សេងទៀត ។ ប៉ុន្ដែយើងដឹងថា ប្រ៊ុយណេ គឺជាក្រុមដែលខិតខំប្រឹងប្រែងលេងខ្លាំង ។ ដូច្នេះយើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមយើង» ។
ដោយឡែកលោក Mario Rivera គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រ៊ុយណេវិញ បានទទួលស្គាល់ពីកម្រិតរីកចម្រើនរបស់ក្រុមគោព្រៃកម្ពុជា ។ ស្របពេលប្រ៊ុយណេ ធ្វើពុំបានល្អសម្រាប់ 3ប្រកួតដំបូង ដែលរបូតដល់ទៅ ១៧គ្រាប់ផងនោះ លោកថា នឹងព្យាយាមកែប្រែនូវចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាល្ងាចនេះ ។
លោកថា «សម្រាប់ការប្រកួតនេះ គឺជាការប្រកួតដ៏តានតឹងមួយសម្រាប់ពួកយើង ព្រោះកម្ពុជាជាក្រុមខ្លាំង ។ យើងកំពុងបន្ដការកែលម្អក្រុមរបស់យើង នៅរាល់គ្រប់ការប្រកួត ដើម្បីឲ្យទទួលបានលទ្ធផលល្អបំផុតដូចពីមុន ហើយវាគឺជាអាទិភាពក្នុងក្រុមរបស់យើង ។ យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានអ្វីមួយសម្រាប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជានេះ» ។
គួរដឹងថា បច្ចុប្បន្នកម្ពុជា កំពុងឈរលេខ៣ និងមាន ៣ពិន្ទុ ក្នុងពូល A បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ តាមពីក្រោយក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ដែលឈរលេខ១ និងលេខ២ មាន ៦ពិន្ទុពេញ ។ តាមរយៈនេះ កម្ពុជាគឺត្រូវការឈ្នះប្រ៊ុយណេដាច់ខាត ហើយត្រូវការឈ្នះច្រើនគ្រាប់ថែមទៀត ដើម្បីបន្ដក្ដីសង្ឃឹមឡើងទៅវគ្គបន្ដ ប្រសិនបើកម្ពុជា ធ្វើបានល្អក្នុងការប្រកួតបញ្ចប់ពូល ជាមួយថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕




