គ្រូបង្វឹក៖ Son នឹងស្ថិតក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍ World Cup
(សេអ៊ូល)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង Paulo Bento បានលើកឡើងថា កីឡាករ Son Heung-min ដែលមានរបួសនោះ ត្រូវបានជ្រើសរើសដាក់ក្នុងក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup របស់លោក ប៉ុន្តែមិនបានលើកឡើងថាតើ ប្រធានក្រុមរូបនេះ អាចជាទាន់ពេលសម្រាប់ការប្រកួតលើកដំបូងរបស់កូរ៉េខាងត្បូងនៅប្រទេសកាតាដែរឬអត់នោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ខ្សែប្រយុទ្ធក្លិប Tottenham រូបនេះ បានទទួលជោគជ័យ ក្នុងការវះកាត់ជួសជុលឆ្អឹងរន្ធភ្នែក ដែលបានរងរបួសនៅក្នុងការប្រកួតឈ្នះ ២-១ ក្នុងលីគ Champions League លើក្រុម Marseille កាលពី ៩ថ្ងៃមុន។
Son បានសរសេរនៅលើ Instagram របស់លោកកាលពីថ្ងៃពុធថា ការលេងក្នុងព្រឹតិ្តការណ៍ World Cup គឺជាក្តីស្រមៃពីកុមាររបស់លោក ហើយថា «លោកមិនអាចរង់ចាំបាននោះទេ ក្នុងការលេងតំណាងឲ្យប្រទេសដ៏ស្រស់ស្អាតរបស់យើង»។
លោក Bento បានច្រាលចោលនូវការព្រួយបារម្ភអំពី Son ខកខានក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងការប្រកួតលើកដំបូងរបស់កូរ៉េខាងត្បូងក្នុងពូល H ប៉ះក្រុមអ៊ុយរូហ្គាយ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។ «ពិតណាស់គាត់ត្រូវបានជ្រើសរើស» នេះបើតាមលោក Bento បានប្រាប់អ្នកសារព័ត៌មាន។
កូរ៉េខាងត្បូង ក៏នឹងត្រូវប៉ះក្រុមហ្គាណានៅថ្ងៃទី២៨ ខែវិច្ឆិកា និងព័រទុយហ្គាល់ នៅថ្ងៃទី០២ ខែធ្នូខាងមុខ ក្នុងពូល H៕




