ជំនន់ទឹកភ្លៀង បានហក់ឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ នៅខេត្តឧត្តរមានជ័យ….
ឧត្តរមានជ័យ៖ ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កបានទៅជាជំនន់ទឹកភ្លៀង ហើយវាបាននឹងកំពុងហក់ឡើងនៅស្ពានអូរជីក នៅចំណុចបឹងតាម៉ុក ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹកជំនន់នេះបានហក់ឡើងខ្លាំង ដោយមានកម្ពស់ប្រមាណ ៣.៨៣ម៉ែត្រ ស្ទើរតែជន់លិចស្ពានឈានចូលដល់ការប្រកាសអាសន្ន ខណៈពេលមានទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នា រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

លោក ញើន កួន ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ទឹកបឹងតាម៉ុក បានហក់ឡើងកម្ពស់ ៣.៨៣ម៉ែត្រនេះ ជិតឈានចូលដល់ការប្រកាសអាសន្នហើយ។ ប្រសិនបើទឹកភ្លៀងនៅតែធ្លាក់បន្តទៀតនោះ ទឹកជំនន់អាចឡើងកម្ពស់ ៤.២០ម៉ែត្រ នោះនឹងឈានចូលដល់ការប្រកាសអាសន្ន ហើយក៏ត្រូវជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពផងដែរ ប៉ុន្តែពេលនេះទីតាំងបឹងតាម៉ុក មានទ្វារទឹកមួយកន្លែងសម្រាប់រំដោះទឹកផងដែរ។

សូមបញ្ជាក់ថា ជាការកត់សំគាល់ ស្ពានអូរជីនេះកកន្លងមក ជារៀងរាល់ឆ្នាំតែងតែកើតមានទឹកជំនន់ហូរចេញពីបឹងតាម៉ុក ជន់លិចស្ពាន រួមទាំងទីលំនៅឋានរបស់ប្រជាពលរដ្ឋផងដែរ។ ប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ អាចនឹងជន់លិចតែម្តងខណៈនេះពលរដ្ឋកំពុងមានការព្រួយបារម្ភ៕






