Haaland របស់ Man City ឈ្នះពានកីឡាករឆ្នើមប្រចាំខែសីហា នៅ Premier League
(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Erling Haaland ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំខែសីហា នៃលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីបានស៊ុតបញ្ចូលទី ៩គ្រាប់ ក្នុងចំណោម ៥ប្រកួតនៅក្នុងការចាប់ផ្តើមដ៏អស្ចារ្យ ចំពោះអាជីពរបស់លោកនៅអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

Haaland វ័យ ២២ឆ្នាំរូបនេះបានចូលរួមជាមួយ City ផ្លាស់មកពី Borussia Dortmund បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប៉ះ West Ham United ហើយបានស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងការប៉ះគ្នាជាមួយ Newcastle United មុនពេលរកបានហែតទ្រីក (៣គ្រាប់) ជាប់គ្នា ក្នុងការប្រកួតទល់នឹង Crystal Palace និង Nottingham Forest ខណៈ City បានឈ្នះ ៤លើក ក្នុងចំណោម ៥ប្រកួតបើកឆាកលីគរបស់ពួកគេ។
យោងតាមក្រុមហ៊ុនវិភាគអង់គ្លេស Opta បានឲ្យដឹងថា មានតែអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Suarez ម្នាក់ប៉ុណ្ណោះដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងរយៈពេល ១ខែនៅ Premier League ជាមួយនឹងការរកគ្រាប់បាល់បាន ១០គ្រាប់កាលពីខែធ្នូ ឆ្នាំ២០១៣។
City កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាង Premier League បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ដោយមាន ១៤ពិន្ទុ មាន ១ពិន្ទុតាមពីក្រោយក្រុមនាំមុខកំពូលតារាងកាំភ្លើងធំ Arsenal។ ពួកគេនឹងធ្វើដំណើរទៅជួបក្រុម Wolverhampton Wanderers នៅថ្ងៃសៅរ៍នេះ៕


