សេដ្ឋីនី និងជាតារាល្បីរបស់ថៃ Anne Jakrajutatip ចាយលុយខ្ទង់២០លានដុល្លារ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ កម្មវិធីបវរកញ្ញា «Miss Universe»
(បរទេស)៖ អាចនិយាយបានថា ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកតាមដានវិស័យបវរកញ្ញានៅទូទាំងពិភពលោក បន្ទាប់ពីទទួលបានដំណឹងថា មហាសេដ្ឋីភេទទី៣ថៃម្នាក់ និងជាអ្នកតស៊ូមតិសម្រាប់អ្នកកែភេទ ដែលមានលុយវាល់លានដុល្លារ មានឈ្មោះថា Anne Jakrajutatip បានក្លាយជាម្ចាស់គ្រប់គ្រងកម្មវិធី Miss Universe ជាស្ថាពរហើយ បន្ទាប់ពីលោកស្រីចំណាយប្រាក់ប្រមាណ ២០លានដុល្លារ ដើម្បីទិញសិទ្ធិផ្តាច់មុខកម្មវិធីនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
លោកស្រី Anne ដែលជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ JKN Global Group ត្រូវបានគេដឹងថា ជាតារាល្បីម្នាក់នៅក្នុងប្រទេសថៃ។ នេះជាលើកទី១ហើយ ដែលកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោកនេះ មានមនុស្សស្រីធ្វើជាម្ចាស់កម្មសិទ្ធិ។
កន្លងទៅលោកស្រីធ្លាប់បាននិយាយ ពីបទពិសោធន៍ជាស្ត្រីកែភេទ ហើយក៏បានបង្កើតមូលនិធិ Life Inspired For Thailand ដើម្បីតស៊ូសម្រាប់សិទ្ធិទទួលបានសេចក្តីថ្លៃថ្នូរ និងឱកាសសម្រាប់អ្នកកែភេទ។
គួរជម្រាបថា ស្ថាប័នបវរកញ្ញាចក្រវាឡ គឺជាស្ថាប័នអន្តរជាតិមួយ ដែលមានអាយុកាល ៧១ឆ្នាំ ដែលគ្រប់គ្នាស្គាល់ថាជា «MISS UNIVERSE» នោះ ជាសហកម្មសិទ្ធិរបស់ Donald Trump ចន្លោះឆ្នាំ ១៩៩៦ និង ២០០២។ កម្មវិធីនេះ គឺជាការប្រកួតដែលមានអាយុកាលយូរជាងគេ និងមានការមើលច្រើនជាងគេបំផុតនៅលើពិភពលោក ដែលចាក់ផ្សាយក្នុង ១៦៥ ប្រទេសជុំវិញពិភពលោក និងឃើញដោយមនុស្សជាងកន្លះពាន់លាននាក់ជារៀងរាល់ឆ្នាំ៕







