ក្លិប Wrexham ហាមឃាត់សារនយោបាយ ដែលសរសេរលើស្បែកជើង ខ្សែប្រយុទ្ធ Paul Mullin

(រេចសាម)៖ ក្លិបបាល់ទាត់វែលស៍ Wrexham បានហាមឃាត់ខ្សែប្រយុទ្ធ Paul Mullin ពីការពាក់ស្បែកជើង ដែលមានសរសេរពាក្យស្លោកវាយប្រហារ គណបក្សនយោបាយ Conservative Party។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

Mullin វ័យ ២៧ឆ្នាំបានបង្ហាញនូវស្បែកជើងផលិតឡើងផ្ទាល់ខ្លួន នៅលើប្រព័ន្ធសង្គមជាមួយនឹងរូបភាពត្រូវបានថតឡើងនៅឯកីឡដ្ឋាន Racecourse Ground។
ក្លិប Wrexham ដែលមានម្ចាស់ជាតារាហូលីវូដ Ryan Reynolds និង Rob McElhenney នោះ បានលើកឡើងថា រូបភាពដែលថតឡើង គឺមិនមានការដឹង ឬក៏អនុញ្ញាតដោយពួកគេឡើយ។
ក្លិបដែលលេងនៅលីគលំដាប់ទី៥ របស់អង់គ្លេស National League មួយនេះបានលើកឡើងថា ពួកគេប្រកាន់ជំហរអព្យាក្រឹត្យលើវិស័យនយោបាយ។ ពួកគេបន្ថែមថា «បញ្ហានេះ នឹងត្រូវដោះស្រាយដោយឯកជន»។
សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Wrexham បានលើកឡើងថា Mullin នឹងបន្តជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លិប ប៉ុន្តែការបង្ហោះរបស់កីឡាកររូបនេះ ជា «ការរំខានដែលមិនស្វាគមន៍មួយ»។
Mullin បានចូលរួមជាមួយ Wrexham កាលពីខែកក្កដា ឆ្នាំ២០២១ ក្រោយផ្ទេរមកពីក្លិប Cambridge United។ ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបញ្ចូលទី ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤ប្រកួតនៅរដូវកាលនេះ ខណៈកាលពីរដូវកាលមុន បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៃលីគ National League បន្ទាប់ពីបានស៊ុតបញ្ចូលទី៣០គ្រាប់ ក្នុងការប្រកួតទាំងអស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram